ភ្នំពេញ ៖ បន្ទាប់ពីបានផ្អាកពិធីកាន់បិណ្ឌ មកព្រះសង្ឃនៅក្នុងវត្តទាំង១៨ក្នុងខណ្ឌព្រែកព្នៅ មិនមានការខ្វះខាតចង្ហាន់នោះទេ គឺនៅមានប្រជាពលរដ្ឋយកចង្វាន់តាមវេនទៅប្រគេនដដែលតែគ្រាន់តែកាត់បន្ថយចំនួនមនុស្សតិច ហើយវត្តខ្លះត្រូវបានអាជ្ញាធរមូលដ្ឋានយកចង្ហាន់ក្រៀម ទេយ្យវត្ថុ និងបច្ច័យទៅប្រគេនជាហូរហែមកដែរ ដូចជាវត្តប្រសិទ្ធីរីម្មារាម ស្ថិតក្នុងសង្កាត់ពន្សាំងនេះជាដើមដែលមានលោក ប៉ក់ សុគន្ធារី តំណាងលោកឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ លោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ និងលោកម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌ ព្រមទាំងក្រុមការងារខណ្ឌ និងសង្កាត់ បាននាំយកគ្រឿងឧបភោគបរិភោគនិងថវិការបស់លោកអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដែលមានអង្ករចំនួន១តោន និងបច្ច័យចំនួន២០លានរៀល និងសាលាខណ្ឌព្រែកព្នៅចំនួន២០០ដុល្លារមកប្រគេនព្រះសង្ឃនាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ សម្រាប់ផ្គត់ផ្គង់នារដូវដាក់បិណ្ឌ និងភ្ជុំបិណ្ឌនេះ។
លោកក សុខ សម្បត្តិ បានលើកឡើងដែរថា ចំពោះការផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌ គឺដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សម្រាប់ខណ្ឌព្រែកព្នៅដែលមានវត្តចំនួន១៨បានធ្វើសំណាក រកមេរោគកូវីដ-១៩ទៅលើព្រះសង្ឃនិងអ្នកដែលស្នាក់នៅក្នុងវត្ត ដោយរកឃើញវិជ្ជមាន២អង្គ និងម្នាក់បានបញ្ជូនទៅព្យាបាលរួចហើយ និងបានបាញ់ថ្នាំសម្លាប់មេរោគក្នុងវត្តទាំង១៨រួចរាល់ហើយដែរ។
លោកបន្តថា សម្រាប់ស្ថានភាពនៅតាម ទីអារាមមកទល់ពេលនេះមានលក្ខណៈល្អប្រសើរ ដោយប្រជាពលរដ្ឋអាចយកចង្ហាន់ប្រគេនព្រះសង្ឃបាន ដែលព្រះសង្ឃរង់ចាំទទួល និងវេរចង្ហាន់ គ្រឿងសម្ភារទាំងនោះនៅមាត់ទ្វាររបងវត្ត ឬក៏ចូលដល់ក្នុងវត្តដែរតែមានចំនួនមនុស្សតិច។ ទោះជាយ៉ាងណាមកទល់ពេលនេះ ព្រះសង្ឃនៅក្នុងវត្តទាំង១៨ ពុំមានវត្តណាដែលព្រះសង្ឃខ្វះខាតចង្ហាន់នោះឡើយ វត្តខ្លះត្រូវបានអាជ្ញាធរមូលដ្ឋានយកទេយ្យវត្ថុ និងបច្ច័យទៅប្រគេនជាហូរហែមកដែរ ដូចជាវត្តប្រសិទ្ធីរីម្មារាម ស្ថិតក្នុងសង្កាត់ពន្សាំងនេះជាដើមដែលអាជ្ញាធររាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌព្រែកព្នៅ បានយកអង្ករចំនួន១តោន និងបច្ច័យចំនួន២០លានរៀលទៅប្រគេនផងដែរ។
បន្ទាប់ពីប្រគេនអង្ករ និងបច្ច័យចំពោះព្រះសង្ឃរួចហើយ មន្ត្រីសាលារាជធានីភ្នំពេញ មន្ត្រីសាលាខណ្ឌ និងសង្កាត់បានអញ្ជើញត្រួតពិនិត្យមើលឈាបនដ្ឋាន សម្រាប់បូជាសពដែលស្លាប់ដោយសារជំងឺកូវីដ-១៩ ដែលមានទីតាំងស្ថិតនៅក្នុងវត្តប្រសិទ្ធីរីម្មារាម បច្ចប្បន្នបានធ្វើរួចរាល់ជាស្ថាពរហើយ៕
ដោយ៖ ព្រែកសំរោង