រដ្ឋមន្រ្តីក្រសួងសាធារណការ៖​ ស្នើឱ្យភាគីអាមេរិកជួយផ្ដល់សម្ភារៈបច្ចេកទេសដើម្បីពង្រឹងគុណភាពផ្លូវថ្នល់ និងចង់ឃើញក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកមកវិនិយោគនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅរសៀល​ថ្ងៃព្រហស្បតិ៍្ត​ទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ​ បានឱ្យដឹងថា​ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញទទួលជួបសម្តែងការគួរសមពីសំណាក់លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា​ កាលពីម្សិលមិញនេះ​ នៅទីស្ដីការក្រសួង​។

ជាកិច្ចចាប់ផ្តើមនៃជំនួបក្នុងឱកាសនោះ​ លោកទេសរដ្ឋមន្ត្រី ស៊ុន​ ចាន់ថុល​ បានជម្រាបជូនលោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក​ អំពីគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ​ នៅក្រុងសៀមរាប ខេត្តសៀមរាប​ ក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធឱ្យបាន ប្រសើរឡើង ដើម្បីត្រៀមបើកប្រទេសសាជាថ្មីឡើងវិញ នៅពេលស្ថានភាពជំងឺកូវីដ-១៩បានធូរស្បើយ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គំនិតផ្តួចផ្តើមកំណែទម្រង់បច្ចុប្បន្នរបស់ក្រសួងប្រកបដោយជោគជ័យតាមរយៈការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានយន្ត ការចេញបណ្ណបើកបរ ការប្រឡងយកបណ្ណបើកបរ និងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត និងគម្រោងអភិវឌ្ឍកំពង់ផែទឹកជ្រៅក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)។

ជាមួយគ្នានោះ លោកទេសរដ្ឋមន្ត្រី​ ក៏បានលើកឡើងផងដែរអំពីការចុះអនុស្សារណៈយោគយល់រវាងវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូនជាមួយនឹងវិស័យឯកជន និងសាកលវិទ្យាល័យចិនមួយចំនួនក្នុងការពង្រឹងធនធានមនុស្សលើវិស័យបច្ចេកទេសសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ស្ពានថ្នល់ ការបញ្ចប់ការកសាងផែនការមេជាតិភស្តុភារកម្មកម្ពុជា និងបានស្នើឱ្យភាគីអាមេរិកជួយផ្ដល់គ្រូបង្រៀន និងសហការគ្នាលើការពង្រឹងសមត្ថភាពវិស្វករដើម្បីកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់អាចកសាងផ្លូវថ្នល់ស្ពានដោយខ្លួនឯងបាន។

ទន្ទឹមនឹងនេះ​ លោកទេសរដ្ឋមន្ត្រី​ ក៏បានស្នើឱ្យភាគីអាមេរិកជួយផ្ដល់សម្ភារៈបច្ចេកទេសដើម្បីពង្រឹងគុណភាពផ្លូវថ្នល់កម្ពុជា និងចង់ឃើញក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកមកវិនិយោគនៅកម្ពុជាដើម្បីចូលរួមអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធកម្ពុជាដូចជាផ្លូវជាតិលេខ៤ ដែលសាងសង់ឡើងដោយសហរដ្ឋអាមេរិកនាពេលកន្លងមក និងជាពិសេសចង់ឃើញសហរដ្ឋអាមេរិកផ្ដល់ជំនួយបច្ចេកទេសជាសម្ភារៈបរិក្ខារសម្រាប់ខួងពិនិត្យមើលគុណភាពផ្លូវផងដែរ។

នាឱកាសនោះដែរ​ លោកឯកអគ្គរដ្ឋទូត ក៏បានសម្តែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលរបស់ ក្រសួង ព្រមទាំងបង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រឹង និងពង្រីកកិច្ចសហការថែមទៀត ដើម្បីអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើន។

ក្រោយជំនួបសម្តែងការគួរសមរួចមក លោកទេសរដ្ឋមន្ត្រី​ ស៊ុន​ ចាន់ថុល​ បានអញ្ជើញលោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក​ ចុះពិនិត្យមើលទីតាំង និងសម្ភារៈបរិក្ខារសម្រាប់ការផ្ដល់សេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាចុះពិនិត្យមើលអាគារវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន និងទីតាំងសំខាន់ៗផ្សេងទៀតរបស់ក្រសួង។

បន្ថែមពីនេះ​ លោកទេសរដ្ឋមន្ត្រី​ បានសម្តែងការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការបន្តកិច្ចសហការ និងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print