វិស័យកីឡាប្រដាល់កម្ពុជា មិនទាន់ឆ្លើយតបតាមទីផ្សារបច្ចុប្បន្នទេ

ចែករំលែក៖

ភ្នំពេញ៖ វិស័យកីឡាប្រដាល់ត្រូវបានគេមើលឃើញថា អាចផ្តល់ការងារដល់យុវជនក្នុងប្រទេស ខ្ទង់ពាន់នាក់ក្នុង១ឆ្នាំៗប៉ុន្តែធនធានទាំងអស់នេះនៅមិនទាន់អាចឆ្លើយតបតាមតម្រូវការចាំបាចរបស់សង្វៀន​ប្រដាល់នីមួយៗនៅឡើយទេ ។ ទន្ទឹមគ្នានេះដែរ សហព័ន្ធកីឡាប្រដាល់កម្ពុជាបានខិតខំផលិតធនធាន មនុស្សរបស់ខ្លួនមានទាំងកីឡាករកីឡាការិនី គ្រូបង្វឹក អាជ្ញាកណ្តាល ចៅក្រមតាមគម្រោងផែនការមេស៊ីហ្គេមឆ្នាំ២០២៣។

តាមរបាយការណ៍ របស់សហព័ន្ធកីឡាប្រដាល់កម្ពុជាបានបង្ហាញឲ្យដឹងថា ក្នុង១សប្តាហ៍ៗគណៈកម្មការរៀបចំការប្រកួត ត្រូវចាប់គូប្រកួតមិនតិចជាង១៥សង្វៀននោះឡើយដែលគិតជាមធ្យមកីឡាករកីឡាការិនីអាចមានចន្លោះពី១៥០ទៅ១៧០នាក់ និងមានចៅក្រម អាជ្ញាកណ្តាលប្រមាណជាង២០០នាក់។ សង្វៀនប្រដាល់តាមទូរទស្សន៍មានស្ថានីយ៍ទូរទស្សន៍ បាយ័នចំនួន៥ ស៊ីអិនស៊ីចំនួន៣ អាស៊ីអាគ្នេយ៍ចំនួន៤ អប្សរាចំនួន១ ប៉ុស្តិ៍លេខ៥ចំនួន២, ភីអិនអិនចំនួន១ហើយ ។  ជាទូទៅការប្រកួតកីឡាប្រដាល់ប្រចាំសប្តាហ៍ តែងតែរងនូវការរិះមិនចេះចប់ ទាំងនេះដោយសារសហព័ន្ធខ្លួនឯងមិនរឹងមាំ ក្នុងការគ្រប់គ្រងអត្តពលិករបស់ខ្លួន ។

ចំពោះបញ្ហាដាក់បញ្ចូលកីឡាប្រដាល់ក្បាច់គុនបុរាណខ្មែរឲ្យមានក្នុងព្រឹត្តការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ គឺជាបញ្ហាធំមួយដែលសហព័ន្ធមិនអាចរយីករយាកបានទេ ។ ពីព្រោះថាការងារទាំងអស់នេះ ជំហានដំបូងកម្ពុជាត្រូវបញ្ចុះបញ្ចូលសមាជិកប្រទេសក្នុងតំបន់អាស៊ានឲ្យទទួលយកនូវវិញ្ញាសាររបស់ខ្លួនដែលបានដាក់ចេញយ៉ាងតិច៥ប្រទេសដែរក្នុងចំណោម១១ប្រទេស។

គួររំលឹកថា កាលពីថ្ងៃទី១ខែមីនា ឆ្នាំ២០១៦កន្លងទៅ ក្រសួងអប់រំយុវជននិងកីឡាបានអនុញ្ញាតឲ្យមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាធ្វើការប្រមូលផ្តុំយុវជន ថ្នាល មានដូចជា អត្តពលកម្ម ប៉េតង់ ចំបាប់ បាល់ទាត់ ហែលទឹក តេក្វាន់ដូ និងប្រដាល់សកល ។ ប៉ុន្តែកីឡាប្រដាល់សាកលត្រូវ លោកតែម ម៉ឺន ប្រធានសហព័ន្ធសុំក្រសួងពន្យារពេល ដោយយោងទៅលើការជួសជុលសាលកីឡាជម្រើសជាតិមិនទាន់រួចរាល់។

លោក វ៉ែន សុផល គ្រូបង្វឹកក្រុមជម្រើសជាតិប្រដាល់សាកលធ្លាប់បានលើកឡើងថា មិនដឹងថាគាត់(តែម ម៉ឺន)សុំពន្យារពេលធ្វើអ្វី? ព្រោះកីឡាករកីឡាការិនីបានត្រៀមគ្រប់អស់ហើយ រង់ចាំតែការសម្រេចប៉ុណ្ណោះ។ ជាមួយគ្នានេះ អ្នកស្នេហាវិស័យកីឡាប្រដាល់ ស្នើសុំឲ្យសហព័ន្ធកីឡាប្រដាល់កម្ពុជា រៀបចំឲ្យមានការប្រកួតប្រដាល់សាកល ជាលក្ខណៈដណ្តើមខ្សែក្រវាត់ ឬក៏ប្រកួតមិត្តភាព តាមសង្វៀនទាំង១៦ស្ថាប័ន ឲ្យបានជាប់ជាប្រចាំ សំដៅលើកកម្ពស់វិស័យកីឡាប្រដាល់សាកល និង ឆ្ពោះទៅដណ្តើមយកមេដាយ​នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣៕

12910754_664654127021927_165903288_n

ដោយ៖ សារីម

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print