ខេត្តបាត់ដំបង៖ បើយោងតាមប្រភពព័ត៌មានពីផេកហ្វេសប៊ុករបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប.) នៅរសៀលថ្ងៃចន្ទទី០៤ ខែតុលា ឆ្នាំ២០២១នេះថា៖ កាលពីថ្ងៃទី២ និងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ បានចុះត្រួតពិនិត្យដេប៉ូ និងស្ថានីយប្រេងឥន្ធនៈចំនួន ៩ទីតាំងស្ថិតក្នុងក្រុងបាត់ដំបង និងស្រុកបាណន់ ខេត្តបាត់ដំបង។
ក្នុងប្រតិបត្តិការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានរកឃេីញដេប៉ូប្រេងឥន្ធនៈចំនួន ២ទីតាំង មិនអនុលោមតាមច្បាប់។ ទីតាំងទាំង ២ខាងលេីត្រូវបាន មន្ត្រីជំនាញពិន័យ និងណែនាំឱ្យកែតម្រូវ។
ដោយឡែកកាលពីថ្ងៃទី២ ខែតុលាថ្មីៗនេះ មន្ត្រីក.ប.ប. រកឃើញដេប៉ូប្រេងឥន្ធនៈចំនួន ៨ ទីតាំងល្មើសនឹងច្បាប់ នៅខេត្តសៀមរាបនិងខេត្តកំពង់ចាមផងដែរ។
គួរបញ្ជាក់ថា ក្នុងចំណោមស្ថានីយ និងដេប៉ូប្រេងឥន្ធនៈចំនួន ១៤ ទីតាំងនៅក្នុងខេត្តសៀមរាប និងខេត្តកំពង់ចាមដែលមន្ត្រីក.ប.ប. បានត្រួតពិនិត្យមាន ៨ទីតាំងហើយដែលត្រូវបានរកឃើញថាមិនអនុលោមទៅតាមច្បាប់។ ដេប៉ូដែលប្រព្រឹត្តល្មើសទាំងនោះ ត្រូវបានមន្ត្រីជំនាញធ្វើការពិន័យ និងណែនាំឱ្យកែតម្រូវ៕
ដោយ៖ស តារា