ជីវិតតារាសិចស៊ី ដេនីក្វាន់ និង សេង សូណា ខុសគ្នាឆ្ងាយដូចមេឃនិងដីទោះធ្លាប់រងការពិន័យពីក្រសួងវប្បធម៌ដូចគ្នា

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្លាប់បានបិទបញ្ចប់ការងារសិល្បៈរបស់តារាសម្តែងសិចស៊ី ដេនីក្វាន់ និងសេង សូណា ១ឆ្នាំដូចគ្នា ប៉ុន្តែជិវិតរបស់ពួកគេហាក់ខុសឆ្ងាយគ្នាខ្លាំងដូចមេឃនិងដី។ ភាពខុសឆ្ងាយគ្នានេះបានធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំងគឺក្រោយពីកញ្ញា សេង សូណា ដែលជាតារាសិចស៊ីធ្លាប់ធ្វើឲ្យកក្រើកក្នុងវិស័យសិល្បៈកាលពីប៉ុន្មានឆ្នាំមុនេះធ្លាក់ទាំងរូបសម្រស់ មានជំងឺប្រចាំកាយ និងជីវភាពធ្លាក់ដល់សភាពមួយដុនដាបរហូតស្នើសុំជំនួយតាមបណ្តាញសង្គមថែមទៀត។
ប្រសិនបើគេក្រឡេកមកមើលពីជីវិតរបស់តារាសម្តែងសិចស៊ី សេង សូណា វិញគឺពិតជាគួរឲ្យអាសូរ ដែលការបាត់មុខពីសិល្បៈប្រមាណ៣ឆ្នាំនោះមានទស្សនិកជនជាច្រើនយល់ថានាងអាចនឹងសាងក្រុមគ្រួសារមួយដែលមានជីវភាពធូរធាដូចអស់តារាសិចស៊ីជាច្រើនទៀត ប៉ុន្តែផ្ទុយទៅវិញនាងបែជាជួបរឿងដ៏គួរឲ្យអាណិត។ គេចាំបានថា ចន្លោះឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៨ តារាសម្តែង សេង សូណា បានធ្វើឲ្យផ្ទុះកក្រើកផ្អើលអស់មហាជនក្រោយពីនាងបានបញ្ចេញរូបភាពសិចស៊ី និងការសម្តែងក្នុងឈុតស្រើបស្រាលក្នុងភាបយន្ត និងMVបទច្រៀងមួយចំនួនជាបន្តបន្ទាប់ ពិសេសក្នុងភាពយន្តខ្នាតធំរឿង “ហនុមាន ឬឆ្នាំវក “ ដែលល្បីល្បាញខ្លាំងក្នុងអំឡុងឆ្នាំ២០១៤ ដែលក្នុងឈុតមួយនាងនិងតារាសិចស៊ីជាច្រើនទៀតរួមទាំងនាង សាន សុម៉ាលី ដោយសម្តែងក្នុងឈុតស្រើបស្រាលមួយជាមួយតារាសម្តែងជើងចាស់ លោក សាវិន ហ្វីលីបនោះ។ ចាប់តាំងពីអំឡុង ខែកញ្ញា ឆ្នាំ ២០១៨ តារាសម្តែងសិចស៊ីរូបនេះធ្លាប់ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានសម្រេចដាក់ពិន័យឲ្យផ្អាកការងារសិល្បៈរបស់នាងមួយឆ្នាំពេញ ក្រោមហេតុផលនាងប្រើប្រាស់សម្លៀកបំពាក់ និងឥរិយាបថធ្វើឲ្យប៉ះពាល់ដល់ទំនៀមទម្លាប់ប្រពៃណីតាមរយៈការថតភាពយន្ត និងនៅលើបណ្តាញសារព័ត៌មាន ហើយចាប់ពីពេលនោះមកនាងបាត់មុខឈឹងពីវិស័យសិល្បៈ។ ស្រាប់តែពេលនេះនាងបានលេចមុខជាថ្មីជាមួយនឹងដំណឹងដ៏គួរឲ្យអាណិតក្នុងសភាពមួយមិនគួរឲ្យជឿទាំងការបាក់រូបសម្រស់ និងរហូតដាច់ចិត្តស្នើសុំការជួយជំនួយពីទស្សនិកជន បន្ទាប់ពីនាងបានឆ្លងជំងឺកូវីដ១៩។ ក្រៅពីការឆ្លងជំងឺផ្លូវដង្ហើមមួយនេះនាងក៏មានជំងឺប្រចាំកាយមួយចំនួនថែមទៀត ដូចជាជំងឺលើសឈាម ទឹកនោមប្រៃ និងខ្សោយបេះដូងជាដើមរហូតមានទស្សនិកជនជាច្រើនបានថ្លែងក្តីអាណិតចំពោះវាសនារបស់តារាស្រីរូបនេះថែមទៀតផង។
ងាកមកមើលតារាសម្តែង សិចស៊ី ដេនីក្វាន់បានក្លាយជាតារាស្រីដំបូង ដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានធ្វើការដាក់ពិន័យ មិនឲ្យប្រឡូកនៅក្នុងវិស័យសិល្បៈរយៈពេលពេញមួយឆ្នាំ បន្ទាប់ពីមានការសម្រេចពីក្រុមប្រឹក្សាវិន័យ កាលពីអំឡុងខែមេសាឆ្នាំ ២០១៧។ ការសម្រេចរបស់ក្រសួងវប្បធម៌បែបនេះ ធ្វើឡើង បន្ទាប់ពីនាង ដេនី ក្វាន់ បន្តថតសម្តែង រូបភាពបែបសិចស៊ី ធ្វើឲ្យប្រាសចាកនឹងប្រពៃណីរបស់ខ្មែរ។គេចាំបានដែរថានៅក្នុងលិខិតផ្លូវការរបស់ក្រសួងវប្បធម៌ផ្ញើទៅកាន់រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលទើបតែចេញផ្សាយជាសាធារណៈ ក្រសួងវប្បធម៌បាន សម្រេចដាក់ពិន័យផ្អាក តារាសម្តែង កញ្ញា ដេនី ក្វាន់ មិនឲ្យធ្វើសកម្មភាពពាក់ព័ន្ធនឹងវិស័យសិល្បៈគ្រប់រូបភាព រួមមាន ការសម្តែង ថតខ្សែភាពយន្ត ខារ៉ាអូខេ ស្ពត ច្រៀងបង្ហាញមុខនៅតាមកញ្ចក់ទូរទស្សន៍ជាដើមរយៈពេល ១ឆ្នាំ គិតចាប់តាំងពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០១៧ ដល់ថ្ងៃទី ២៤ខែមេសាឆ្នាំ ២០១៨។ក្រសួងវប្បធម៌បានលើកហេតុផលមកបង្ហាញថា តារាសម្តែងនាងដេនី ក្វាន់ តែងតែនៅបន្តការប្រើប្រាស់សម្លៀកបំពាក់និងឥរិយាបថធ្វើឲ្យប៉ះពាល់ដល់ទំនៀមទំលាប់ ប្រពៃណីដ៏ល្អផូរផង់របស់ជាតិ តាមបណ្តាញព័ត៌មាន និងទីសាធារណៈ បើទោះបីតារាសម្តែងរូបនេះ ធ្លាប់បានសន្យាជាមួយក្រសួងវប្បធម៌ កាលពីខែឧសភាឆ្នាំ ២០១៦ កន្លងទៅម្តងរួចហើយក្តី។ទោះជាយ៉ាងណាក្តីការបិទទំព័រសិល្បៈគ្រានោះមិនបានធ្វើឲ្យតារាស្រីរូបនេះបានបាត់មុខឈឹងឡើយផ្ទុយទៅវិញនាងកាន់តែមានភាពល្បីល្បាញនៅលើបណ្តាញសង្គមជាមួយនឹងការបញ្ចេញរូបសម្រស់ដែលវះកាត់កែសម្ផស្សបានយ៉ាងស្រស់ស្អាត ជាមួយនឹងជីវិតហ៊ឺហា ឡូយឆាយលុយកាន់ណែនដៃ ប្រើប្រាស់របស់ទំនើបថ្លៃកប់ពពក រស់នៅលើវីឡាលំដាប់អភិជនថែមទៀតផង ដែលអាចសបញ្ជាក់បានថានាងមិនបានពឹងផ្អែកលើចំណូលបានពីវិស័យសិល្បៈនោះឡើយ៕

...


ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print