កូនប្រុសចិត្តភ្លើងខឹងសុំលុយម្តាយ២០ដុល្លារមិនបាន យកសាំចាក់ដុតផ្ទះកម្ទេចចោល

ចែករំលែក៖

ខេត្តពោធិសាត់៖ សូរសម្លេងទ្រហោរយំទាំងកណ្តាលអធ្រាត្រចេញពីស្ត្រីវ័យចំណាស់ម្នាក់ សោកស្តាយនូវការបាត់បង់ផ្ទះសំបែង ដោយអគ្គិភ័យឆាបឆេះ ក្រោមស្នាដៃកូនដ៏អកត្តញ្ញូបានយកសាំចាក់ដុតកម្ទេចចោល ខឹងរូបគាត់ គ្មានលទ្ធភាពរកប្រាក់ចំនួន២០ដុល្លារ ដើម្បីបំពេញបំណងកូនចិត្តភ្លើងរូបនេះទាមទារ។

ហេតុការណ៍ខាងលើបានកើតឡើងវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី២ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិចំការលើ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិសាត់។

សមត្ថកិច្ចបានឲ្យដឹងថា ជនបង្កដុតបំផ្លាញផ្ទះម្តាយរបស់ខ្លួនមានឈ្មោះផាត សុធា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅជាមួយម្តាយ ជាម្ចាស់ផ្ទះឈ្មោះឈន ធីម អាយុ៥៣ឆ្នាំ។

សមត្ថកិច្ចបានបន្តថា បើតាមការអះអាងពីម្តាយ មុនកើតហេតុកូនប្រុសខាងលើបានសុំលុយរបស់គាត់ចំនួន២០ដុល្លារ តែម្តាយគ្មានលទ្ធភាព ក្នុងជីវភាពក្រីក្រ រូបគេក៏ខឹងព្រមទាំងប្រើពាក្យសម្តីអសុរោះធ្ងន់ៗ ក្រោយមកក៏បានយកសាំចាក់ដុតផ្ទះដែលមានទំហំ៥ម៉ែត្រគុណ៧ម៉ែត្រ ធ្វើពីឈើប្រកស័ង្កសី បណ្តាលឲ្យឆេះ បង្កការភ្ញាក់ផ្អើលអ្នកភូមិកណ្តាលអធ្រាត្រ។

ក្រោយមកសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចិត្តភ្លើងបានភ្លាមៗយកទៅសួរនាំនៅអធិការដ្ឋាននគរបាលស្រុកបាកាន។

សមត្ថកិច្ចបញ្ជាក់ថា អគ្គិភ័យឆាបឆេះនេះបានបំផ្លាញផ្ទះទាំងស្រុងរួមទាំងសម្ភារមួយចំនួននៅក្នុងផ្ទះ៕

20160402004553

20160402004553 (1)

ដោយ៖ សុខ ខេមរា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print