​ជនខិលខូច​កាប់​បំផ្លាញ​ឈើ​ពី​ព្រៃ​ព្រះ​រកា​ ដឹក​យក​ទៅ​លក់​ឲ្យ​ឈ្មួញ​ល្បី​ម្នាក់​ឈ្មោះ​គិត​ ធ្វើ​គ្រឿង​សង្ហា​រឹម​ដឹក​យក​ទៅ​សៀមរាប​

ចែករំលែក៖

​ខេត្តព្រះវិហារ​៖​ បច្ចុប្បន្ន​នេះ​គម្រប​ព្រៃឈើ​ព្រះ​រកា​ ស្ថិត​នៅ​ក្នុង​តំបន់​ព្រៃឈើ​ការពារ​ព្រះ​វិហារ​ កំពុង​ទទួល​រង​ការ​បំផ្លាញ​ពី​ជនខិលខូច​រាល់ថ្ងៃ​ ដើម្បី​យក​ឈើ​ប្រណីត​ ទៅ​លក់​ឲ្យ​ឈ្មួញ​ បើ​ទោះបី​មានការ​ចុះ​ល្បាត​ការពារ​ និង​បង្ក្រាប​បទល្មើស​ពី​សំណាក់​សមត្ថកិច្ច​ជំនាញ​មេព្រៃ​យ៉ាងណា​ក៏​ដោយ​។​

​សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា​ ឈើ​ប្រណីត​ ដែល​ជា​ឈើ​លេខ​១​ ប្រភេទ​សុ​ក្រំ​ គគីរ​ត្រូវ​បាន​ជនខិលខូច​នាំ​គ្នា​ដឹក​ជញ្ជូន​យក​ទៅ​លក់​ឲ្យ​ ឈ្មួញ​ល្បីឈ្មោះ​ម្នាក់​ ឈ្មោះ​គិត​ និង​ប្រពន្ធ​របស់​គាត់​ ដែល​មាន​រោង​សិប្បកម្ម​ធំ​មួយ​កន្លែង​ ស្ថិត​នៅ​ភូមិ​ពោធិ៍​ទាប​ ឃុំ​ម្លូព្រៃ​១​ ស្រុក​ឆែប​ ខេត្តព្រះវិហារ​។​ ហ៊ា​គិត​និង​ប្រពន្ធ​របស់​គាត់​ អាច​ផលិត​កែ​ច្នៃ​សន្លឹក​ទ្វារ​ បាន​ចំនួន​១០​សន្លឹក​ ធ្វើ​ពី​ឈើ​ប្រណីត​ និង​ឈើ​លេខ​១​ ក្នុង​១​ថ្ងៃៗ​ ដើម្បី​ដឹក​យក​ទៅ​លក់​នៅ​ខេត្តសៀមរាប​កាត់​តាម​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ គូលែន​យ៉ាង​រលូន​។​

​ឆ្មាំ​ឃ្លាំមើល​បទល្មើស​ព្រៃឈើ​តាម​ដងផ្លូវ​ជាតិ​លេខ​៩​ និង​លេខ​៦២​បាន​ឲ្យ​ដឹង​ថា​ ឈ្មោះ​គិត​នៅ​តែ​រកស៊ី​ដឹកឈើ​តាប់​ និង​សន្លឹក​ទ្វារ​តាម​រថយន្ត​សាំ​យ៉ុ​ង​ និង​រថយន្ត​កូរ៉េ​ ចំណុះ​៥​តោន​ ហើយ​បាន​រត់ការ​បង់លុយ​តាម​ដងផ្លូវ​ឲ្យ​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​ ដើម្បី​ជា​ថ្នូរ​មិន​ឲ្យ​ចាប់​បង្ក្រាប​។​ រោង​សិប្បកម្ម​កែ​ច្នៃ​ឈើ​របស់​ឈ្មួញ​ម្នាក់​នេះ​ធំ​ណាស់​ ប៉ុន្តែ​មាន​អ្នកធំ​នៅ​រាជធានី​ភ្នំពេញ​កាង​នៅ​ពីក្រោយ​ខ្នង​មិន​ឲ្យ​ មេព្រៃ​នៅ​ខេត្តព្រះវិហារ​ និង​មេព្រៃ​ខាងជើង​បឹង​ទន្លេសាប​ប៉ះពាល់​ជា​ដាច់ខាត​។​

​ប្រភព​ព័ត៌មាន​ដដែល​បាន​ថ្លែង​ដូច្នេះ​ថា​ ឈ្មួញ​ឈើ​ដុះ​ស្លែ​ឈ្មោះ​គិត​ រស់នៅ​ទីរួមស្រុក​គូលែន​រកស៊ី​ដឹកឈើ​ និង​ធ្វើ​អាជីវកម្ម​បើក​រោង​សិប្បកម្ម​កែ​ច្នៃ​ឈើ​ប្រណីត​ជិត​២០​ឆ្នាំ​មក​ហើយ​។​គាត់​បាន​ក្លាយទៅជា​សេដ្ឋី​ និង​មាន​ប្រពន្ធ​២​ថែម​ទៀត​ ព្រោះ​បាន​ស៊ើប​ដឹង​ថា​គាត់​បាន​សង់ផ្ទះ​វិឡារ​នៅ​ទីរួមស្រុក​គូលែន​ ទិញ​ផ្ទះល្វែង​១​ជង់​ក្បែរ​បុរី​សៀង​ណាំ​ និង​ទិញ​ដី​ចំនួន​២​ប្លង់​ក្នុង​បុរី​សៀង​ណាំ​ថែម​ទៀត​។​

​អ្នក​សារព័ត៌មាន​មិន​អាច​ទំនាក់ទំនង​សាកសួរ​ឈ្មួញ​ឈើ​ឈ្មោះ​គិត​បាន​ទេ​ ពាក់ព័ន្ធ​ទៅ​នឹង​ប្រភព​ព័ត៌មាន​ចោទប្រកាន់​គាត់​ខាងលើ​នេះ​។​

​ដោយឡែក​ឈ្មួញ​ឈើ​ល្បីឈ្មោះ​ម្នាក់​ទៀត​ឈ្មោះ​កេ​ន​មក​ពី​ខេត្តសៀមរាប​ ក៏​ត្រូវ​បាន​ភ្នាក់ងារ​រាយការណ៍​ឲ្យ​ដឹង​ថា​ បាន​សម្ងំ​ប្រមូល​ទិញ​ឈើ​តាប់​សុ​ក្រំ​ និង​ឈើ​ក្ដារ​គគីរ​រាប់រយ​ម៉ែត្រគូប​ចេញពី​ភូមិ​បុស្ស​ធំ​ឃុំ​ប្រមេរ​ ស្រុក​ត្បែងមានជ័យ​ ដើម្បី​ដឹក​ជញ្ជូន​យក​ទៅ​លក់​ផ្គត់ផ្គង់​ឲ្យ​សណ្ឋាគារ​ផ្កាយ​៥​មួយ​កន្លែង​នៅ​ ឯ​ខេត្តសៀមរាប​ ដោយ​ប្រើ​ល្បិច​ជ្រក​ក្រោម​អាជ្ញាប័ណ្ណ​របស់​ក្រុមហ៊ុន​សម្បទាន​ សេដ្ឋកិច្ច​នៅ​ខេត្តព្រះវិហារ​៕​

M02-04-16-b

ដោយ៖ វិបុល​

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print