ភ្នំពេញ៖ ប្រតិភូគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ច្បារអំពៅ ដឹកនាំដោយ លោក ចេង
មុនីរ៉ា ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ និងជា
អភិបាលខណ្ឌ រួមជាមួយលោកស្រីហេង សុវត្ថា ប្រធាន អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ នៅព្រឹកថ្ងៃសុក្រ ទី៨ ខែតុលា ឆ្នាំ២០២១ បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត១០គ្រួសារ ចាស់ជរា១០គ្រួសារ ជនពិការ៥គ្រួសារ អ្នកផ្ទុកមេរោគអេដស៍៥គ្រួសារ សរុប៣០គ្រួសារ នៅសង្កាត់ព្រែកឯង។
ក្នុងពិធីនេះលោក ចេង មុនីរ៉ា ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌ និង ជាអភិបាលខណ្ឌច្បារអំពៅបាន ពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ និងជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចប្រធានតែងតែយកចិត្តទុកដាក់ខ្ពស់ជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោលគឺ “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល“ ។ លោកប្រធានកិត្តិយសអនុសាខាក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បង្កេីនការប្រុងប្រយត្ន័បន្ថែមទៀត ជាពិសេសសូមគោរពអនុវត្តតាមវិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល រដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសសូមបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពារខ្លួនពីជំងឺកូវីដ១៩គឺ ៣ការពារ និង ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដេីម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩ ទាំងអស់គ្នា ។
អំណោយមនុស្សធម៌ដែលផ្តល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ក្នុងមួយគ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម, មី១កេស, ទឹកត្រី១យួរ, ម៉ាស់២០, ថវិកាចំនួន២មុឺនរៀល៕
ដោយ៖ សណ្តោស