អន្តរជាតិ៖ បេីតាមការបញ្ជាក់ពីមន្ត្រីក្រសួងការពារជាតិអាមេរិកម្នាក់ បានអះអាងលើរបាយការណ៍ក្នុងកាសែតWall Street Journalថា៖ កងកម្លាំងប្រតិបត្តិការពិសេសអាម៉េរិក បានជួយបង្វឹកទាហានតៃវ៉ាន់ស្ងាត់ៗ អស់ពេលជាច្រើនខែមកហើយ ដែលទង្វើនេះមុខជាធ្វើឱ្យចិនខឹង។ មន្ត្រីរូបនេះ បាននិយាយបន្ថែមថា ទាហានមួយក្រុមមានគ្នា២០នាក់ បានធ្វើការបង្ហាត់អស់ពេលជិតមួយឆ្នាំមកហើយ និងថាគ្រូបង្វឹកខ្លះបានដូរចេញនិងចូលកោះតៃវ៉ាន់ថែមទៀត។
មន្ត្រីដែលសុំមិនបញ្ចេញឈ្មោះខាងលេីនេះ បានបញ្ជាក់បន្ថែមថា ការហ្វឹកហាត់នេះ បាននិងកំពុងប្រព្រឹត្តទៅអស់ពេលជិត១ឆ្នាំមកហើយ ចំពេលចិនបង្កើនការគំរាមដោយពាក្យសម្តីប្រឆាំងអាមេរិកដែលជាសម្ពន្ធមិត្តរបស់កោះសេរីនិយមនេះ។
ដោយឡែកជុំវិញបញ្ហានេះដែរ ក្រសួងយោធាតៃវ៉ាន់ ទោះជាយ៉ាងណា បានបដិសេធមិនព្រមបញ្ជាក់ថារបាយការណ៍នេះពិតឬមិនពិតនោះទេ។
ប៉ុន្តែលោក ចន សាប់ភើល អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក បាននិយាយថា “និយាយជាទូទៅ ការគាំទ្ររបស់អាមេរិកចំពោះយោធាតៃវ៉ាន់ ត្រូវបានវាស់ដោយតំរូវការការពារខ្លួនរបស់កោះនេះ”។ អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិករូបនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការគាំទ្ររបស់យើងសំរាប់ទំនាក់ទំនងយោធាជាមួយកោះតៃវ៉ាន់គឺសំរាប់ប្រឆាំងការគំរាមបង្កឡើងដោយសធារណរដ្ឋប្រជាមានិតចិន។យើងទទូចឱ្យរដ្ឋាភិបាលក្រុងប៉េកាំង គោរពការសន្យារបស់ខ្លួនថានឹងដោះស្រាយដោយសន្តិវិធីចំពោះការខ្វែងគំនិតគ្នាកាត់ច្រកសមុទ្រតៃវ៉ាន់»។
សូមជម្រាបថា អាមេរិកផ្គត់ផ្គង់សព្វាវុធដល់កោះតៃវ៉ាន់ រួមមាន៖កាំជ្រួចសំរាប់ការពារខ្លួននិងយន្តហោះប្រយុទ្ធ ចំពេលចិនគំរាមចាប់យកកោះនេះទាំងបង្ខំ និងបញ្ចូលវាជាមួយមហាចិនដីគោកវិញ។អាមេរិកក៏សន្យាការពារតៃវ៉ាន់ ដែលចិនគិតថាជាខេត្តផ្តាច់ខ្លួនមួយរបស់ខ្លួន។
គួរបញ្ជាក់ថា កងកម្លាំងចិន បានបង្កើនសកម្មភាពរបស់ខ្លួនមកជិតៗកោះតៃវ៉ាន់នៅរយៈពេល១ឆ្នាំមកនេះ ដោយកាលពីថ្ងៃចន្ទសប្ដាហ៍នេះ យោធាតៃវ៉ាន់បង្ខំចិត្តបញ្ចេញយន្តហោះប្រដេញទៅព្រមានយន្តហោះចិន៥៦គ្រឿងដែលហោះកាត់ក្នុងអ្វីដែលតៃវ៉ាន់អះអាងថាដែលអាកាសរបស់ខ្លួនផងដែរ៕ដោយ៖ស តារា
រូបភាព៖ឯកសារ បង្ហាញទាហានតៃវ៉ាន់នៅក្នុងសមយុទ្ធមួយឆ្នាំ២០១៧
រូបភាព៖ឯកសារ AP ចិន រយៈពេលតែមួយសប្តាហ៍បានបញ្ជូនយន្តហោះ ជាង ២០០ គ្រឿង ចូល ក្នង អ្វីដែលតៃវ៉ាន់ អះអាងថា ជា តំបន់ ការពារ ដែល អាកាស របស់ខ្លួន