ភ្នំពេញ៖ នេះបេីតាមការបញ្ជាក់ពីលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) បានឱ្យដឹងនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នៅព្រឹកថ្ងៃសៅរ៍ទី០៩ ខែតុលា ឆ្នាំ២០២១នេះថា៖ មានករណីផ្ទុះគ្រាប់ឡង់ ដែលជាសំណល់យុទ្ធភណ្ឌពីសង្គ្រាម បណ្តាឱ្យស្លាប់កុមារាម្នាក់និងរងរបួសកុមារចំនួន២នាក់នាក់ នៅពេលទៅឃ្វាលគោប្រទះឃេីញគ្រាប់ហេីយនាំគ្នាវាយគ្រាប់នោះ កាលពីថ្ងៃទី០៨ ខែតុលាម្សិលមិញនេះ នៅត្រង់ចំណុចឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។
លោកអគ្គនាយកស៉ីម៉ាក់ ក៏សូមចូលរួមមរណៈទុក្ខជាមួយគ្រួសារសពនិងសូមវិញ្ញាណខន្តសពបានទៅទីឋានបរមសុខ។
ជាមួយគ្នានោះ លោក ហេង រតនា សូមបន្តអំពាវនាវក្មួយៗ ពូមីងលោកតាយាយទាំងអស់មេត្តាជួយបន្តផ្សព្វផ្សាយនិងអប់រំកូនចៅអំពីគ្រោះថ្នាក់ដោយសារសំណល់យុទ្ធភណ្ឌពីសង្គ្រាម ករណីជួបប្រទះសូមកុំប៉ះពាល់គ្រាប់យុទ្ធភណ្ឌនិងត្រូវរាយការណ៍មកកំលាំងសុីម៉ាក់ ឬកំលាំងនគរបាលប៉ុស្តឬអាជ្ញាធរភូមិឃុំដែលស្ថិតនៅក្បែរបំផុត ដេីម្បីកំលាំងសុីម៉ាក់ប្រមូលកំទេចចោលគ្រាប់សំណល់យុទ្ធភណ្ឌពីសង្គ្រាមទាំងនោះ!
សូមអរគុណសន្តិភាព និងលាសង្គ្រាមជារៀងរហូត!!៕
ដោយ៖សហការី