ខេត្តកំពង់ស្ពឺ៖ បេីយោងតាមប្រភពព័ត៌មានពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ បានឱ្យដឹងនៅព្រឹកថ្ងៃអាទិត្យទី១០ ខែតុលា ឆ្នាំ២០២១នេះថា៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបណ្ដាលឱ្យអ្នកបើកបររថយន្តម្នាក់គៀនជាប់ក្នុងរថយន្ត ខណៈរថយន្តធំចំនួន ៤គ្រឿងបានបេីកបុកតកន្ទុយគ្នា នៅលេីកំណាត់ផ្លូវជាតិលេខ៤។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ បានកេីតឡេីងនៅវេលាម៉ោង ០៤ និង៣០នាទីទៀបភ្លឺថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅចំណុចផ្លូវជាតិលេខ៤ ចន្លោះគ.ម៨២-៨៣ ភូមិទី១ ឃុំត្រែងត្រយឹង ខេត្តកំពង់ស្ពឺ។
បេីតាមមន្ត្រីនគរបាលជំនាញ ស្រុកភ្នំស្រួច បានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តធុនធំចំនួន ៣ គ្រឿង បើកបរបន្តគ្នា ។ រថយន្ត ម៉ាក Sterling ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D0716 សណ្តោងរ៉ឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 4A8954 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ បើកពីទិសខាងលិច ទៅខាងកើត លុះមកដល់ចំណុចខាងលើ បានរេចង្កូត ទៅខាងឆ្វេងដៃ ទៅបុកជាមួយរថយន្ត មួយគ្រឿង ម៉ាក FREIGHTER ពាក់ស្លាកលេខ ភ្នំពេញ 3A1278 សណ្តោងរ៉ឺម៉ក ពាក់ស្លាកលេខ ព្រះសីហនុ 4A1651 បើកបរដោយឈ្មោះ ញ៉ាញ់ សារិ ភេទប្រុសអាយុ២៩ឆ្នាំ រស់នៅភូមិកុមារពេទ្យ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បើកបរពីទិសខាងកើត ទៅខាងលិច ។ ស្របពេលនោះ មានរថយន្តមួយគ្រឿង ម៉ាក HungHe ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ក,4823ភព3 សណ្តោងរ៉ឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 4A7879 បើកបរពីទិសខាងកើតទៅខាងលិច អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណបានបើកមកបុក ពីក្រោយបន្តគ្នា បណ្តាលឲ្យអ្នកបើករថយន្ត HungHe ស្លាប់ គៀបជាប់ក្នុងកាប៊ីនរថយន្តតែម្តងទៅ។
ប្រភពដដែល បន្តថា ដោយមានការចង្អុលណែនាំពីលោកឧត្តមសេនីយ៍ឯក ហេង ចាន់ធារី ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ បានក្រុមការងារល្បាតត្រួតពិនិត្យចល័តផ្លូវផ្លូវជាតិលេខ៤ បាននិងកំពុងចុះជួយសម្រួលចរាចរណ៍ និងរៀបចំសណ្ដាប់ធ្នាប់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ប៉ុន្តែអកុសល អ្នកបើកបររថយន្តម្នាក់ បានស្លាប់គៀបជាប់ក្នុងរថយន្ត និងបណ្តាលឱ្យមានការកកស្ទះដល់អ្នកធ្វេីដំណើរផងដែរ។
បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចជំនាញកំពុងជួយសម្រួលចរាចរណ៍ និងធ្វើការទំនាក់ទំនងទៅក្រុមគ្រួសារជងរងគ្រោះ ដេីម្បីមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណី៕
ដោយ៖សហការី