ភ្នំពេញ៖ មន្ទីរពេទ្យកុមារអង្គរបានធ្វើសហការជាមួយសប្បុរសជនដើម្បីរៀបចំពិធី ”ពិសារអាហារដើម្បីមនុស្សធម៌” ប្រកបដោយជោគជ័យ និងក្នុងបរិយាកាសស្និតស្នាលដោយមានទាំងសប្បុរសជន តារាចម្រៀង ពិធីករល្បីៗ និងភ្ញៀវកិត្តិយសជាច្រើននាក់ទៀតផ្តល់វត្តមានចូលរួម។ ពិធីនេះបានរៀបចំកាលពីរាត្រីថ្ងៃទី២ មេសា ឆ្នាំ២០១៦ នៅភោជនីយដ្ឋានទន្លេបាសាក់ក្បាលថ្នល់រាជធានីភ្នំពេញ។
ទោះជាយ៉ាងណាមន្ទីរពេទ្យនេះបានបញ្ជាក់ថា ខ្លួននៅខ្វះថវិការប្រមាណ១,៥លានដុល្លារបន្ថែមសម្រាប់ទ្រទ្រង់គម្រោងជួយដល់កុមារដែលមានជំងឺក្នុងឆ្នាំ២០១៦នេះ។
លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភត្ត្រា ប្រធានមន្ទីរពេទ្យកុមារអង្គរបានថ្លែងថា លោកមានក្តីរីករាយដែលក្រុមសហវត្សមនុស្សធម៌ និងក្រុមឌីជេកម្ពុជាមន្ទីរពិសោធន៍វិទ្យាសាស្ត្រកម្ពុជា និងមន្ទីរពេទ្យកុមារអង្គរដែលបានបង្កើតកម្មវិធីនេះឡើងជាលើកទី១ដើម្បីស្វែងរកថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរនៅខេត្តសៀមរាប។ លោកបន្តថាក្នុងឆ្នាំ២០១៦នេះមន្ទីរពេទ្យកុមារអង្គរនៅខ្វះថវិការជាង១លាន៥សែនដុល្លារ សម្រាប់ដំណើរការព្យាបាលកុមារនៅក្នុងឆ្នាំ២០១៦ដោយសង្ឃឹមថាកម្មវិធីនេះនឹងអាចជួយឧបត្ថម្ភមួយផ្នែកសម្រាប់ការដំណើរការមន្ទីរពេទ្យ។ លោកបញ្ជាក់ថា មន្ទីរពេទ្យកុមារអង្គរមានសេវា ជាច្រើនក្នុងនោះមានសេវាព្យាបាលជំងឺខាងក្នុង និងខាងក្រៅ សេវាមានដូចជា សុខភាពមាត់ធ្មេញ ការវះកាត់អាគារសង្គមកិច្ច និងកម្មវិធីគម្រោងកែមន្ទីរពេទ្យកម្មវិធីកសាងសមត្ថភាពអប់រំ និងមានសាខាមន្ទីរពេទ្យនៅក្នុងស្រុកសូត្រនិគមនៃខេត្តសៀមរាប។បច្ចុប្បន្នមន្ទីរពេទ្យកុមារអង្គរបានផ្តល់សេវាជាច្រើនចាប់ពីជំងឺស្រាលដល់ជំងឺធ្ងន់ដូចជា ជំងឺវះកាត់បេះដូង ជំងឺមហារីកភ្នែក និងជំងឺធ្ងន់ធ្ងរផ្សេងៗទៀតដែលត្រូវការថែរទាំ និងព្យាបាលដោយយកចិត្តទុកដាក់។
អ្នកនាងយុគ ចិន្តា ដែលបានចូលរួមស្ម័គ្រចិត្តក្នុងកម្មវិធីខាងលើបានបញ្ជាក់ថា នាងពិតជារីករាយក្នុងការចូលរួមចំណែកចែករំលែកនូវអ្វីដែលយើងមានជួយដល់សង្គម។ នាងបញ្ជាក់ថា កម្លាំងចិត្ត ថវិការបស់សប្បុរសជនពិតជាចាំបាច់សម្រាប់ជួយទ្រទ្រង់ដល់សកម្មភាពមន្ទីរពេទ្យក៏ដូចជាការរួមចំណែកជួយដល់កុមារ ក្រុមគ្រួសារកុមារដែលប្រឈមនឹងជំងឺផ្សេងៗ ដែលពួកគេខ្វះលទ្ធភាពក្នុងការស្វែងរកសេវាព្យាបាល។ អ្នកនាងរំពឹងថាកម្មវិធីជួបជុំនេះនឹងក្លាយជាចលករជួយជំរុញឲ្យសប្បុរសជនបន្តជួយជ្រោមជ្រែងសកម្មភាពមន្ទីរពេទ្យបន្តទៅមុខទៀត។
គួរបញ្ជាក់ដែរថាមន្ទីរពេទ្យកុមារអង្គរដែលប្រជាពលរដ្ឋនៅខេត្តសៀមរាបហៅថា មន្ទីរពេទ្យបេះដូង ឬមន្ទីរពេទ្យជប៉ុន ជាមន្ទីរពេទ្យមួយបង្កើតឡើងក្នុងឆ្នាំ១៩៩៩ដោយជាងថតរូបដ៏ល្បីល្បាញជនជាតិជប៉ុនឈ្មោះលោកខេន រ៉ូអ៊ីស៊ូ ដើម្បីផ្តល់ការពិនិត្យព្យាបាល និងថែទាំកុមារប្រកបដោយគុណភាពខ្ពស់ និងក្តីមេត្តាករុណា ដោយឥតគិតថ្លៃដល់កុមារមកពីគ្រប់ទិសទីនៃកម្ពុជា។មន្ទីរពេទ្យកុមារអង្គរមានទីតាំងនៅផ្លូវព្រះសង្ឃរាជទេពវង្ស និងវិថីអ៊ុំឆាយ។
កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានអត្រាស្លាប់របស់កុមារខ្ពស់ជាងគេក្នុងតំបន់កុមារម្នាក់ក្នុងចំណោម ២៩នាក់ បានស្លាប់មុនពួកគេមានអាយុ៥ឆ្នាំ។ ភាគច្រើនការស្លាប់របស់កុមារទាំងនោះគឺស្លាប់ដោយសារដែលអាចបង្ការនិងអាចការពារបាន។ មន្ទីរពេទ្យកុមារអង្គរមានទស្សនៈវិស័យមួយគឺកុមារគ្រប់រូបត្រូវតែមានសិទ្ធិទទួលបានសុខុមាលភាពល្អមិនថាពួកគេជាអ្នកណាក្នុងស្ថានភាពបែបណា និងមកពីទីកន្លែងណាក៏ដោយមន្ទីរពេទ្យកុមារអង្គរបាននិងកំពុងបំពេញបេសកម្មធ្វើឲ្យមានភាពប្រសើរឡើងនូវសុខុមាលភាពរបស់កុមារកម្ពុជាហើយមានបម្រើសេវាកម្មពិនិត្យព្យាបាល និងថែទាំសុខភាពកុមារដែលមានជំងឺប្រមាណជាង១លាន៥សែនករណី ចាប់ពីមន្ទីរពេទ្យបានចាប់ផ្តើមបើកដំណើរការរហូតមកដល់បច្ចុប្បន្ន។ ជារៀងរាល់ថ្ងៃមានកុមារប្រមាណជាង៥០០ទៅ៦០០នាក់មកទទួលសេវាពិនិត្យព្យាបាល និងថែទាំនៅមន្ទីរពេទ្យនេះដែលកុមារភាគច្រើនមកពីក្រុមគ្រួសារក្រីក្រ និងមកពីទីជនបទនានា។
បច្ចុប្បន្នមន្ទីរពេទ្យកុមារអង្គរមានបុគ្គលិកសរុប៥១០នាក់ដែល៩៩ភាគរយជាជនជាតិខ្មែររួមទាំងថ្នាក់ដឹកនាំរបស់មន្ទីរពេទ្យផងដែរ។ ក្នុងឆ្នាំ២០១៦នេះមន្ទីរពេទ្យកុមារអង្គរមានគម្រោងថវិការចំណាយលើការពិនិត្យ និងព្យាបាលថែទាំសុខភាពកុមារប្រមាណជាង៧លាន១សែនដុល្លារសហរដ្ឋអាមេរិក ដែលថវិការទាំងនោះមួយភាគធំបានមកពីជំនួយរបស់សប្បុរសជននៅបរទេសដូចជា សឹង្ហបុរី ហុងកុង អង់គ្លេស ជប៉ុន អាមេរិក អ៊ីតាលី ម៉ាឡេស៊ី អាឡឺម៉ង់ជាដើម៕
ដោយ៖ វឌ្ឍនា