ក្រុមការងារចម្រុះ​ ចុះណែនាំនិងផ្សព្វផ្សាយដល់អាជីវករផ្សារលើធំថ្មី និងផ្សារសាមគ្គីឱ្យប្រើប្រាស់ប្រព័ន្ធស្កែន QR Code ដើម្បីត្រៀមបើកដំណើរការផ្សារឡើងវិញ

ចែករំលែក៖

ខេត្ត​សៀមរាប​៖​ បើ​យោង​តាម​ប្រភពព័ត៌មាន​ពីរដ្ឋបាលខេត្ត​សៀមរាប​ នៅរសៀល​ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ​ បានឱ្យដឹងថា​​ ក្រុមការងារចុះរបស់រដ្ឋបាលខេត្តសៀមរាប រដ្ឋបាលក្រុង និងមន្ទីរពាណិជ្ជកម្ម ព្រមទាំងក្រុមការងារតោះទៅលេងសៀមរាប កាលពីម្សិលមិញនេះ​ បានចុះណែនាំនិងផ្សព្វផ្សាយដល់អាជីវករផ្សារលើធំថ្មី និងផ្សារសាមគ្គីឱ្យបានយល់អំពីដំណើរការប្រើប្រាស់ប្រព័ន្ធស្កែន QR Code ដើម្បីត្រៀមបើកដំណើរការផ្សារឡើងវិញ ហើយការរៀបចំរបៀបនេះជាជំនួយដល់ការគ្រប់គ្រងនិងតាមដានការរាតត្បាតនៃជំងឺកូវីដ-១៩ផងដែរ។ មួយវិញទៀត ក្រុមការងារក៏បានរៀបចំសណ្តាប់ធ្នាប់និងរបៀបរៀបរយក្នុងផ្សារទាំងពីរ និងកន្លែងលក់ដូររបស់បងប្អូន ដើម្បីឱ្យស្របទៅតាមសភាពការណ៍នៃបរិបត្តកូវីដ-១៩។

ការរៀបចំប្រព័ន្ធស្កែន QR Code នេះដើម្បីក្រុមការងារងាយស្រួលក្នុងការគ្រប់គ្រង តាមដានការរាតត្បាតនៃជំងឺកូវីដ១៩ ព្រមទាំងងាយស្រួលក្នុងការស្វែងរកនិងកំណត់តូប ឬទីតាំងពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ដើម្បីជៀសវាងការបិទផ្សារទាំងមូល។ នេះជាយន្តការថ្មីមួយទៀតសម្រាប់ភាពងាយស្រួលដល់អាជីវកម្ម ក៏ដូចជាក្រុមការងារនូវការបង្កើនភាពរហ័សក្នុងការស្វែងរកអ្នកពាក់ព័ន្ធនឹងជំងឺកូវី-១៩។

ជាមួយគ្នានេះ​ រដ្ឋបាលខេត្ត​ សង្ឃឹមយ៉ាងមុតមាំថាបងប្អូនអាជីវករទាំងអស់នឹងចូលរួមសហការជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ចក្នុងការអនុវត្តការស្កែន QR Code នៅតាមទីតាំងដែលបានរៀបចំ ដើម្បីឱ្យសេដ្ឋកិច្ចគ្រួសារនិងសេដ្ឋកិច្ចសង្គមយើងអាចដំណើរការនិងរីកចម្រើនឡើងវិញជាបន្តបន្ទាប់ថែមទៀត។ ម្យ៉ាងទៀត យើងត្រូវរៀនរស់នៅតាមបែបគន្លងថ្មីជាមួយនឹងជំងឺកូវីដ-១៩ ដោយបងប្អូនបន្តសហការនិងអនុវត្តតាមវិធានការនានារបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល និងវិធានការនានារបស់អាជ្ញាធរខេត្ត ពិសេសអនុវត្តវិធានការ ៣ការពារ និង៣កុំឱ្យបានខ្ជាប់ខ្ជួន ដើម្បីកាត់ផ្តាច់ជំងឺកូវីដ-១៩ចេញពីសហគមន៍យើង៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print