ភ្នំពេញ៖ រឿងរ៉ាវជំពាក់លុយតុងទីនរហូតលេចចេញរឿងចម្រូងចម្រាសរវាងតារាសម្តែង សឿ សុធារ៉ា និងនាងខ្ញុងនោះ បានសម្រេចបញ្ចប់គ្នាហើយ ដោយអ្នកនាងសឿ សុធារ៉ាចេញមុខសុំទោសខ្ញុងជាសាធារណៈ ។ អ្នកនាង សឿ សុធារ៉ាបានបញ្ជាក់លើបណ្តាញសង្គមថា៖ “សូមជំរាបសួរដល់បងប្អូនទាំងអស់ថា កាលពីថ្ងៃទី6 ខ្ញុំបានផុសហ្វេសបុកនិយាយអំពីការលេងតុងទីនជាមួយអ្នកនាង ស្រេងសុកាន់ដា (ហៅស្រីញ៉ុង) អោយបងប្អូនបានឃើញទាំងអស់គ្នា.នាងខ្ញុំសូមជម្រាបថា គាត់បានទូទាត់អោយនាងខ្ញុំដើម្បីបញ្ចប់រឿងតាំងពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ រួចរាល់អស់ហើយ។
ការដែលនាងខ្ញុំផុសឯកសារគាត់ជំពាក់លុយរឿងតុងទីននេះគឺជាការធ្វេសប្រហែសយល់ច្រលំថ្ងៃខែរបស់នាងខ្ញុំទេ ដូច្នេះនាងខ្ញុំសូមធ្វើការចេញឯកសារជាផ្លូវការនេះដើម្បីជាការសុំអភ័យទោសដល់បងប្អូនទាំងអស់គ្នា ជាពិសេសគឺសុំអភ័យទោសអ្នកនាង ស្រេង សុកាន់ដា(ហៅ ស្រីញ៉ុង) ដែលនាងខ្ញុំបានធ្វើការមិនច្បាស់ជាមួយគាត់ហើយធ្វើអោយបងប្អូនមានការយល់ច្រលំដល់គាត់”។ ភ្ជាប់ដោយសារនេះគឺជាលិខិតមួយច្បាប់ដែលបានផ្តិតមេដៃរវាងភាគទីទាំងពីរដោយមានសេចក្តី សម្រេចបញ្ចប់វិវាទ និងមិនលើកឡើងអំពីការផ្តឹងផ្តល់គ្នានោះឡើយ។
គួរបញ្ជាក់ដែរថា ក្រោយពីរងរឿងអាម៉ាសខ្មាសអស់មហាជនរឿងមិនសងប្រាក់តុងទីនត្រឡប់ទៅកូនៗវិញមិនបានប៉ុន្មានផងនៅ យប់ថ្ងៃទី០៤ ខែតុលាឆ្នាំ ២០២១នេះអ្នកនាងបានទម្លាយរឿងតារាកំប្លែងនាងខ្ញុង និងអតីតតារាកំប្លែង ស្រីអយជាកូនតុងទីនជំពាក់ប្រាក់ច្រើនសន្ធឹកដែលម្នាក់ជាងមួយម៉ឺនដុល្លារម្នាក់ទៀតជិត១ម៉ឺនដុល្លារ និងជាហេតុដែលនាងមិនអាចបង្វិលប្រាក់ទៅឲ្យកូនៗបាន ប៉ុន្តែពេលនេះរឿងត្រូវបានបញ្ចប់ហើយ៕