ភ្នំពេញ៖ មានសារដ៏ចម្រូងចម្រាសជាច្រើនបានផ្ទុះពេញបណ្តាញសង្គមជុំវិញ ករណីបទចម្រៀង”Are You Ok?” ។ ទោះជាយ៉ាងណាប្រសិនបើយើងមកដឹងអំពីម្ចាស់សំឡេងបទចម្រៀងខាងលើដែលទទួលបានប្រាក់១២០០០ដុល្លារអាមេរិកពីការលក់សិទ្ធិទៅឱ្យផលិតកម្ម Galaxy Navatra គឺ លោក ម៉ៅ វុធ ជាម្ចាស់សំឡេងបានយកលុយនោះទៅធ្វើផ្ទះនិងជួយឪពុកម្តាយរបស់ខ្លួនហើយដែរ។
ពាក្យ”Are you ok?” ដែលអ្នកលេងTik Tok ម្នាក់និយាយលេងនោះ ត្រូវបានអ្នកភ្លេងម្នាក់យកទៅRemix ផុសលើTik Tok ហើយទទួលបានគាំទ្រ ពីមហាជនជុំវិញពិភពលោក។ ដោយឃើញពាក្យក្នុងបទចម្រៀងនេះមានការគាំទ្រច្រើន ផលិតកម្ម Galaxy Navatra ក៏ទិញសិទ្ធិពាក្យនោះយកទៅផលិតជាបទចម្រៀងឲ្យមានលក្ខណៈស្ដង់ដារក្នុងតម្លៃ១២០០០ដុល្លារ ធ្វើឲ្យម្ចាស់ពាក្យមានលទ្ធភាពយកលុយនោះទៅធ្វើផ្ទះនិងជួយម៉ែឪឱ្យរួចផុតពីភាពក្រីក្រ។បន្ទាប់ពីទទួលបានប្រាក់១២០០០ដុល្លាររួចហើយនោះ លោក ម៉ៅ វុធ ម្ចាស់សំឡេង”Are you ok?” បានសម្ដែងការសប្បាយចិត្តជាខ្លាំង ដោយលោកប្រាប់ថា ខ្លួនមិននឹកស្មានថាមានឱកាសមានលទ្ធភាពទទួលបានប្រាក់មានចំនួនច្រើនបែបនេះឡើយ លោកនឹងយកប្រាក់នេះទៅធ្វើផ្ទះរស់នៅ ព្រមទាំងជូនឪពុកម្ដាយខ្លះ ហើយសល់មួយចំនួនទៀតទុកធ្វើដើមទុនរកស៊ី។
បច្ចុប្បន្នផលិតកម្មGalaxy Navatra បានផលិតMV រួចហើយ ដោយតារាចម្រៀង តន់ ច័ន្ទសីមា គឺជាតារាចម្រៀងតែម្នាក់គត់ ដែលច្រៀងបទ”Are you ok?” នេះ ប៉ុន្តែដោយសារតែការផលិតនោះមានចំណុចមួយចំនួនត្រូវបានមហាជនធ្វើការរិះគន់ថា ប្រាសចាកក្រមសីលធម៌ ទើបអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបញ្ជាទៅលោកយឹម តាស្រង់ ដែលជាអ្នកគ្រប់គ្រងទូទៅរបស់ផលិតកម្មឲ្យលុបចោលជាបន្ទាន់តែម្ដង ដោយតម្រូវឲ្យកែសម្រួលថតឡើងសាជាថ្មី។ បើគិតមកដល់ពេលនេះ បទ”Are you ok?” ត្រូវបានអ្នកនិយមលេង Tik Tok បានយកទៅCover រាំលេង ស៊ែរពាសពេញពិភពលោករាប់លានវីដេអូ ដោយមិននឹកស្មានថាបទចម្រៀងរបស់ប្រទេសកម្ពុជាទទួលបានគាំទ្រភ្លូកទឹកភ្លូកដីបែបនេះសោះឡើយ។ ជាមួយគ្នានោះដែរលោកម៉ៅ វុធ ក៏បានថ្លែងអំណរគុណដល់អ្នកលេងTik Tok ទាំងអស់ជុំវិញពិភពលោកដែលបានគាំទ្រពាក្យក្នុងបទ”Are you ok?”ហើយយកទៅ Cover រាំលេងយ៉ាងសប្បាយរីករាយ ធ្វើឲ្យពិភពលោកស្គាល់កម្ពុជាកាន់តែខ្លាំងផងដែរ។
ទោះជាយ៉ាងណាក្តីទឹកប្រាក់នេះអាចចាត់ទុកបានថាពិតជាច្រើនសម្រាប់អ្នកមានជីវភាពខ្សោយ និងអាចកែប្រែជីវិតរស់នៅរបស់មនុស្សម្នាក់ឲ្យមានភាពប្រសើរជាងមុន៕
ដោយ៖ វឌ្ឍនា