ប្រធានក្រុមប្រឹក្សារាជធានីសម្តែងការកោតសរសើរចំពោះ រដ្ឋបាលរាជធានីភ្នំពេញយ៉ាងខ្លាំងលើការអនុវត្តការងារ នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២១នេះបានល្អប្រសើរ

ចែករំលែក៖

ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោកប៉ា សុជាតិវង្ស បានសម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះ រដ្ឋបាលរាជធានីភ្នំពេញលើការអនុវត្តការងារនៅក្នុងត្រីមាសទី៣ឆ្នាំ២០២១នេះ ដែលមានទាំងការងារធ្វើឱ្យភូមិសង្កាត់ មានសុវត្ថិភាព ការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ការងារអនាម័យ បរិស្ថាន ការងារអភិវឌ្ឍន៍ ការដោះស្រាយការលិចលង់ និងការប្រមូលពន្ធប្រថាប់ត្រាលើអចលនទ្រព្យផងដែរ ដោយការប្រមូលពន្ធនេះ ជាមធ្យមបានប្រមាណជាង៤លានដុល្លារក្នុង១ខែ ។
ការសម្តែងការកោតសរសើរពីសំណាក់ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនេះបានធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៩របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ ក្រោមវត្តមានលោកប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញតំណាងអោយលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ។
លោកប៉ា សុជាតិវង្ស បានមានប្រសាសន៍លើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២១នេះ បានអនុវត្តការងារបានយ៉ាងល្អប្រសើរ ដូចជា ការងារអនុវត្តគោលនយោបាយ “ភូមិ-សង្កាត់» មានសុវត្ថិភាព លោកសូមកោតសរសើរដល់សមត្ថកិច្ចពាក់ព័ន្ធដែលបានយកចិត្តទុកដាក់បង្ក្រាបបទល្មើសព្រហ្មទណ្ឌបានស្ទើរតែ១០០% គឺបង្ក្រាបបាន៧៧ករណី លើ៧៨ករណ៏ ។ ការងារគ្រប់គ្រងសំណល់ បរិស្ថាន និងអនាម័យ ដោយបានពិនិត្យទម្ងន់បានល្អ (ការពិនិត្យជញ្ជឹង លាងសម្អាត ថ្លឹងបានត្រឹមត្រូវ និងពិនិត្យរថយន្តចាក់សំរាមមិនឱ្យសល់ក្នុងឡាន និងការជំរុញចលនាដឹកជញ្ជូនសំរាមពេលបុណ្យភ្ជុំបិណ្ឌបានស្អាតពុំមានកកស្ទះ។ ចំណែកការងារធនធានទឹក និងឧតុ និយមឃើញថា សកម្មភាពការងាររបស់មន្ត្រីធនធានទឹកបានខិតខំជំរុញអនុវត្តការងារបាន១០០% លើចំណុចមួយចំនួនធំ។ ដោយឡែក សម្រាប់ការងារដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីវិញ បានខិតខំជំរុញការអនុវត្តប្រមូលពន្ធប្រថាប់ត្រាគួរជាទីមោទនៈ រហូតដល់ ៥០.៦៧៧,៨៥ លានរៀល គិតជាមធ្យមប្រហែលជាជាង ៤លានដុល្លារក្នុង១ខែ។
លោកបន្តទៀតថា ក្រៅពីការងារខាងលើ ពាក់ព័ន្ធនឹងការងារដោះស្រាយជំនន់ទឹកភ្លៀង រដ្ឋបាលរាជធានីភ្នំពេញ បានដោះស្រាយបានយ៉ាងល្អផងដែរ។
លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញនិងជាតំណាងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងកិច្ចប្រជុំនេះក៏បានលើកឡើងដែរថា រដ្ឋបាលភ្នំពេញ សម្រាប់ការងារគ្រប់គ្រងជំងឺកូវីដ-១៩ បានសហការជាមួយគណៈកម្មការជាង១០ ដោយយើងបានដើរតួជាប្រតិបត្តិករ ដោះស្រាយលើការព្យាបាលអ្នកជំងឺកូវីដ-១៩ និងធ្វើចត្តាឡីស័កជាដើម។ លោកបន្តថា ចាប់ពីពេលនេះតទៅ យើងលែងមានការធ្វើតេស្តរហ័សជាទ្រង់ទ្រាយធំទៀតហើយ ដោយបន្តការអនុវត្តការព្យាបាលនៅតាមផ្ទះ ដែលការព្យាបាលតាមផ្ទះនេះ បានទទួលការគាំទ្រនិងកោតសរសើរយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ៕

...

ដោយ៖  សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print