ចាប់ពីខែវិច្ឆិកា អាមេរិកនឹងបើកព្រំដែនគោកជាមួយប្រទេសកាណាដានិងម៉ិចស៊ីកូ អនុញ្ញាតឲ្យពលរដ្ឋធ្វើដំណើរ ចុះឡើងបានឲ្យតែបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ គ្រប់ចំនួន ។
ជាមួយនិងការសម្រេចខាងលើ ច្បាប់ហាមប្រាមដែលបានអនុវត្តតាំងពីខែមីនាឆ្នាំ២០២០ ដើម្បីទប់ស្កាត់ ការឆ្លងកូវីដ ១៩ នឹងអស់សុពលភាព ។
តាមសារព័ត៌មាន TTXVN បានផ្សាយថា ការសម្រេចខាងលើត្រូវបានរដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិ អាមេរិក លោក Alejandro Mayorkas ប្រកាសជាផ្លូវការនៅថ្ងៃទី១៣ខែតុលា ។ ក្រុមតំណាងរាស្ត្រនៅទីក្រុងញូវយ៉កអបអរសាទរដល់ការសម្រេចខាងលើ។ កាលពីថ្ងៃទី ៩ខែសីហា កាណដាបានអនុញ្ញាតឲ្យជនជាតិអាមេរិក ដែលបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ ១៩រួចរាល់អាចធ្វើដំណើរទៅកាន់ប្រទេសកាណាដាបានគ្រប់ពេល។
បច្ចុប្បន្នអាមេរិកនៅតែជាប្រទេសមានករណីឆ្លងកូវីដ ១៩ ខ្ពស់ដដែល ដោយក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៨៤,១៥៤នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១,៤៨០នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៤៥,៤៣១,១៦៧ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៧៣៧,៥៨៤នាក់ និងជាសះស្បើយឡើងសរុប ៣៤.៩៩លាននាក់។
គិតត្រឹមថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង ៤០២លានដូស ក្នុងនោះប្រជាជន ២១៦.៨៩លាននាក់ (៦៥.៨% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១៨៧.២១លាននាក់ (៥៦.៨% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស។ គិតត្រឹមចុងសប្តាហ៍មុន ទិន្នន័យពីមជ្ឈមណ្ឌលបង្ការ និងទប់ស្កាត់ជំងឺអាមេរិក (CDC) បានឲ្យដឹងថា ពលរដ្ឋអាមេរិកសរុបជិត ៧លាននាក់ហើយ បានទទួលការចាក់វ៉ាក់សាំងដូសជំរុញ៕ដោយ៖ធីរីណា
រូបថត៖THX/TTXVN.