ភ្នំពេញ ៖ លោកសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជួបប្រជុំពិភាក្សាជាមួយ ស្ថានទូត សហគមន៍អឺរ៉ុបប្រចាំកម្ពុជា ដឹកនាំដោយ លោកស្រី Carmen Morano ឯកអគ្គរដ្ឋទូត និងមានការចូលរួមពី លោក Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ លោក Martin Vavra ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែក លោកស្រី Camilla Ottosson ភារធារីនៃស្ថានទូតស៊ុយអ៊ែត និងលោក Fabrice Etienne ភារធារី នៃស្ថានទូតបារាំង ។ កិច្ចប្រជុំពិភាក្សានេះ ផ្តោតទៅលើទស្សនៈវិស័យរបស់ រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ សន្និសិទសហប្រជាជាតិលើកទី២៦ (COP26)ស្តីពីការប្រែប្រួលអាកាសធាតុ នៅទីក្រុងក្លាសហ្គូ ចក្រភពអង់គ្លេស។
លោកស្រី Carmen Morano បានថ្លែងកោតសសើដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ជូនលេខាធិការដ្ឋានUNFCCC នូវបច្ចុប្បន្នភាពផែនការស្តីពីការចូលរួម ចំណែក របស់រដ្ឋភាគីក្នុងការអនុវត្តអនុសញ្ញា (Nationally Determined Constribution: NDC) នៅខែធ្នូ ឆ្នាំ ២០២០។ លោកស្រីបានបន្តថា សហគមន៍អឺរ៉ុប យកចិត្តទុកដាក់ និងគាំទ្រដល់ប្រទេសកំពុងក្នុងការរៀបចំផែនការរយៈពេលវែងក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ក្នុងការរក្សាសីតុណ្ហភាពសកលនៅត្រឹម ២ អង្សាសេ ។ ជាមួយគ្នានេះ លោកស្រីក៍បានបញ្ជាក់អំពីប្រធានបទសំខាន់ ដែលត្រូវពិភាក្សា និងសម្រេចនៅក្នុង (COP26) ដែលរួមមាន ការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ហិរញ្ញប្បទានអាកាសធាតុ និងទីផ្សារកាបូនប្រកបដោយតម្លាភាព។
ជាការឆ្លើយតប លោករដ្ឋមន្រ្តី សាយ សំអាល់ បានបញ្ជាក់ថា កម្ពុជាមានផែនការច្បាស់លាស់ ក្នុងការអភិវឌ្ឍប្រទេសជាតិ ក៍ដូចជាការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ កម្ពុជាយកចិត្តទុកដាក់ខ្ពស់ទៅលើការផលិតថាមពលពីប្រភពដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់។ ការសិក្សាមួយចំនួនគួរត្រូវបានលើកទឹកចិត្ត ដូចជា ការសិក្សាអំពីការផលិតអគ្គីសនីដោយប្រើប្រាស់ឧស្ម័នអ៊ីដ្រូសែន។ លោករដ្ឋមន្រ្តីបានបន្តថា ការអភិរក្សព្រៃ គឺជាជំរើសមួយដ៏ប្រសើក្នុងការបង្កើតឥណទានកាបូន និងអាចបង្កើនជីវភាពសហគមន៏តាមរយៈចំណូលពីទានកាបូន។ វិស័យឯកជនមានការយល់ដឹងច្រើនអំពីបញ្ហាបរិស្ថាន ដោយចាប់ផ្តើមវិនិយោគលើការផលិតអគ្គីសនីពីជីវម៉ាស និងបង្កើតឥណទានកាបូន។ ជាងនេះទៅទៀត កម្ពុជាមានផែនការជាតិបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ដែលក្រសួង ស្ថាប័នពាក់ព័ន្ធបានរៀបចំឡើង ព្រមទាំងតម្រូវការថវិកាក្នុងការអនុវត្តសកម្មភាពបន្ស៊ាំ ។ កម្ពុជាគាំទ្រការផ្តល់ហិញ្ញប្បទានអាកាសធាតុ ហើយការផ្តល់ ហិញ្ញប្បទានគួរផ្តោតទៅលើការបង្កើនជីវភាពប្រជាជននៅតាមសហគមន៍ ថ្នាក់ក្រោមជាតិ៕
ដោយ៖ ស សម