យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ​ជុំទី ១នៅខេត្តបន្ទាយមានជ័យ ជូនប្រជាពលរដ្ឋដែលមានអាយុ១៨ ឆ្នាំឡើងត្រូវបិទបញ្ចប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ យើងអាចភ្លេចជំងឺកូវីដ​-១៩ តែកូវីដ-១៩មិនភ្លេចយើងនោះទេដូច្នេះគួរយើងទាំងអស់គ្នា ចូលរួមទទួលខុសត្រូវទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩សូមអនុវត្តវិធានការ៣ កុំ ៣ការពារជានិច្ច។ នេះគឺជាប្រសាសន៍លើកឡើងរបស់លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និង​ជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស នៅក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ជូនប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី១៨ ឆ្នាំឡើងក្នុងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ១៤ខែតុលាឆ្នាំ២០២១ នេះ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានរាយការណ៍ សង្ខេបស្ដីពីលទ្ធផលការងារនៃ   គណៈកម្មការខេត្តប្រយុទ្ធជំងឺកូវីដ-១៩ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋអាយុ១៨ឆ្នាំឡើង ក្នុងផែនការ ៥២៩,៦៨១ នាក់ ចាក់បានចំនួន៤០៤,៤៨៤ នាក់ស្មើនឹង ៧៦,៣៦% ចាក់លើកទី២បាន ៣២៦,៨១៥ នាក់និងចាក់លើកទី៣ ដូសជំរុញបានចំនួន ១៧,៥៣០ នាក់ស្រី៧,១០៣នាក់។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា៖ ចាប់ពីមានការផ្ទុះរីករាលដាលក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈខេត្តបន្ទាយមានជ័យ គិតត្រឹមថ្ងៃទី ១២ ខែតុលាឆ្នាំ ២០២១។ រកឃើញអ្នកវិជ្ជមានចំនួន២៧,៨៩៥នាក់ស្រី ១៣,៨១៩នាក់ ជាសះស្បើយ២៦,២៥២នាក់ស្រី ១៣,១៨៤នាក់ នៅសល់វិជ្ជមានចំនួន ៨៨៦នាក់ស្រី ៤៨៨ នាក់ កំពុងសម្រាកព្យាបាលនៅក្នុងមណ្ឌល។ ក្នុងនោះខេត្តបន្ទាយមានជ័យក៏មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ សរុបចំនួន២៥០ នាក់ស្រី ១៣៨ នាក់ (ខ្មែរ២៤៤ នាក់ស្រី ១៣៥ នាក់ និងជនបរទេស០៦នាក់ស្រី ០៣ នាក់) ។
ថ្លែងនាឱកាសនោះ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស បានសំដែងនូវការកោតសរសើរដោយស្មោះចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេសក្រុមគ្រូពេទ្យ គ្រូពេទ្យស្ម័គ្រចិត្ត និងក្រុមគ្រូពេទ្យកងយុទ្ធពលខេមរភូមិន្ទទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់លើបញ្ហាជំងឺកូវីដ-១៩នេះ ដោយបានចំណាយកម្លាំងកាយចិត្ត ទាំងយប់ទាំងថ្ងៃ ដើម្បីចូលរួមជួយកាត់បន្ថយនៃការរីករាលដាលជំងឺឆ្លងកូវីដ-១៩។
លោកជំទាវ ក៏បានបញ្ជាក់ថា៖មកទល់នឹងថ្ងៃទី១៤ខែតុលាឆ្នាំ២០២១នេះ យើងបានធ្វើពិធីបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ជុំទី១ ចាប់អីអាយុ១៨ឆ្នាំឡើងបាន២៤ រាជធានី ខេត្ត ក្រុងហើយ ដោយឡែកខេត្តបន្ទាយមានជ័យនេះគឺជាខេត្តទី២៤ នៅសល់តែខេត្តកំពតជាខេត្តចុងក្រោយនឹងរៀបចំបិទក្នុងពេលឆាប់ៗនេះ ។​
ចុងក្រោយលោកជំទាវ ក៏បានធ្វើការផ្តាំផ្ញើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តការយកចិត្តទុកដាក់គ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩ ឱ្យបានជាប្រចាំនិងធ្វើការចុះអប់រំផ្សព្វផ្សាយ ណែនាំដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ឲ្យបានជ្រាបច្បាស់ពីបញ្ហាជំងឺកូវីដ-១៩នេះ ៕

...

ដោយ៖    វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print