ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីរដ្ឋសភា បានឱ្យដឹងថា លោកកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ប្រធានគណ:កម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណ:កម្មការដើម្បីពិនិត្យទៅលើសេចក្តីព្រាងច្បាប់ចំនួនពីរ។ ក្នុងកិច្ចប្រជុំផ្ទៃក្នុងនេះដែរ បានធ្វើឡើងនារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នៅបន្ទប់ប្រជុំរបស់គណ:កម្មការទី៦ នៃវិមានរដ្ឋសភា។
នៅក្នុងសំណេរហ្វេសប៊ុករបស់រដ្ឋសភា បានបញ្ជាក់បន្ថែមថា សេចក្តីព្រាងច្បាប់ចំនួនពីររួមមាន ដូចខាងក្រោម៖
១-សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ន នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតី នៃស្ថាប័នជាតិ។
២-សេចក្តីព្រាងច្បាប់ស្តីពីកាតអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិទាក់ទងទៅនឹងការកាត់សេចក្តីនៅក្រោមច្បាប់កម្ពុជានូវឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងនៅក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ស្តីពីការរៀបចំក្នុងពេលអន្តរកាល និងការបញ្ចប់ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញ៕
ដោយ៖សហការី