ខេត្តកំពត៖ យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា មនុស្ស៤នាក់ត្រូវបានកម្លាំងសមត្តកិច្ចនគរបាលខេត្តកំពតហៅមកសួរអំពីករណីនារីម្នាក់ តែបែរជាបែកធ្លាយរឿងផ្សេងទៅវិញ។
ការឃាត់ខ្លួនជនសង្ស័យទាំងនេះបានធ្វើឡើងកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ហើយជននេះជាមុខសញ្ញាគំរាមកំហែងហែកកេរ្តិ៍ ដែលក្នុងនោះមានម្នាក់ឈ្មោះ ទាវ សុខ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិស្រូវលើ ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត បានជាប់ពាក់ព័ន្ធនឹងករណីគំរាមកំហែង ហែកកេរ្តិ៍ (លួចថតស្ត្រីរងគ្រោះក្នុងបន្ទប់ទឹកគំរាមយកប្រាក់)។
ប្រភពព័ត៌មានបានឲ្យដឹងថា នារីរងគ្រោះមានឈ្មោះ ស.ន អាយុ១៨ឆ្នាំ ហើយបទល្មើសនេះប្រព្រឹត្តកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១កន្លងមកនៅឃុំ-ស្រុកខាងលើ។
សូមបញ្ជាក់ថា ក្រោយពីសមត្តកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់នេះយកទៅសាកសួរនោះស្រាប់តែធ្លាយបទល្មើសផ្សេងៗទៀត រហូតដល់កម្លាំងនគរបាលខេត្តកំពត សហការជាមួយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ បានទៅនាំជនសង្ស័យម្នាក់ឈ្មោះ យូ ហាន ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងទៅចង្អុលបង្ហាញគូកន២នាក់ទៀតសុទ្ធតែពាក់ពន្ធប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌទាំងអស់ ។
សមត្ថកិច្ចបានឱ្យដឹងថា ក្នុងនោះមានម្នាក់ឈ្មោះ ធន់ ធេន ហៅខ្មៅ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឃាត់បាននៅចំណុចភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ រួមនឹងម្នាក់ទៀតឈ្មោះ ហ៊ឹម ខេមរិន ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ឃាត់បាននៅចំណុចភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយជនទាំង៤នាក់នេះគឺជាមុខសញ្ញាពាក់ពន្ធនឹងអំពើចោរកម្ម ។
សមត្ថកិច្ចបន្តថា លុះមកដល់ព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ សមត្តកិច្ចបានសហការទៅឃាត់ខ្លួនបានជនសង្ស័យម្នាក់ទៀតឈ្មោះ ហ៊ុន ហាន ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិ២ សង្កាត់សែនសុខ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរ ជាងជួសជុលម៉ូតូ ពាក់ព័ន្ធពីបទ ទទួលផលចោរកម្មក្នុងអំពើលួចមានស្ថានទម្ងន់ទោស នៅភូមិត្រពាំងសេះ ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ និងដកហូតវត្ថុតាងម៉ូតូ០១គ្រឿង ម៉ាកឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ កណ្ដាល1Y-0682 (ស្លាកលេខក្លែងក្លយ) ដែលជាផលនៃចោរកម្មផងដែរ។
ប្រភពព័ត៌មានខាងលើបានបន្តថាជនសង្ស័យជាមុខសញ្ញា១ក្រុមនេះ ត្រូវបានសមត្តកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកំពតតាមនីតិវិធី ៕
ដោយ៖ អរុណរះ