ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» បានឱ្យដឹងថា មន្ត្រីស៊ើបអង្កេត ក.ប.ប. សាខាខេត្តតាកែវ និងខេត្តកំពត កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ បានបន្តចុះត្រួតពិនិត្យទំនិញលើទីផ្សារ និងឃ្លាំងស្ដុកទំនិញក្នុងខេត្តតាកែវ និងខេត្តកំពតដើម្បីធានាការពារផលប្រយោជន៍ និងសុខភាពប្រជាពលរដ្ឋក្នុងខេត្តទាំងពីរ។
ជាលទ្ធផលនៃការចុះត្រួតពិនិត្យក៏បានរកឃើញ និងដកហូតភ្លាមៗនូវទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ចម្រុះប្រមាណ ២២៨.៣៩ គីឡូក្រាម។ ចំពោះទំនិញត្រូវបានដកហូតមករក្សាទុក និងធ្វើការកម្ទេចចោលទៅតាមនីតិវិធីនៃច្បាប់។
គួរបញ្ជាក់ថា មន្ត្រីក.ប.ប. បានចុះឃ្លាំពិនិត្យទីផ្សារមួយចំនួនស្ថិតក្នុងរាជធានីភ្នំពេញខេត្តស្វាយរៀង ខេត្តបន្ទាយមានជ័យ ខេត្តកំពត និងខេត្តព្រះសីហនុ នៅថ្ងៃទី១៤ ខែតុលាថ្មីៗនេះ ដេីម្បីទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព និងទំនិញក្លែងបន្លំមិនឱ្យបន្តចែកចាយនៅក្នុងទីផ្សារនានាក្នុងប្រទេសកម្ពុជា។
ក្នុងប្រតិបត្តិការនេះដែរ មន្ត្រីជំនាញបានរកឃេីញទំនិញជាគ្រឿងឧបភោគ បរិភោគដែលខូចគុណភាព និងហួសសុពលភាពប្រេីប្រាស់ចំនួន ១៤០.៧០គីឡូក្រាម រួមជាមួយអាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន ៦៩០លីត្រផងដែរ។
ដោយឡែកទំនិញទាំងអស់នេះ ត្រូវបានមន្រ្តីជំនាញធ្វេីការដកហូតដេីម្បីកម្ទេចចោល និងបានធ្វេីការពិន័យអន្តរការណ៍ ក៏ដូចជាណែនាំដល់ម្ចាស់ទំនិញឱ្យបញ្ឈប់ការចែកចាយទំនិញមិនអនុលោមទៅកាន់ប្រជាពលរដ្ឋ៕
ដោយ៖សហការី