ខេត្តបាត់ដំបង, នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ រដ្ឋបាលខេត្តបាត់ដំបង សូមគោរពជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងខេត្តបាត់ដំបង ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងទាំងអស់ ឱ្យបានជ្រាបថា ដោយសារមានភ្លៀងធ្លាក់ច្រើននៅប៉ែកខាងលើ ស្រុកសំឡូត ហើយបានបន្តហូរចូលក្នុងស្ទឹងសង្កែ ធ្វើឱ្យទឹកស្ទឹងសង្កែមានការកើនឡើងខ្ពស់ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយត្ន័ឱ្យបានខ្ពស់បំផុត ។
សូមបញ្ជាក់ថា, បើគិតត្រឹមម៉ោង៩,០០ ព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១នេះ កំពស់ទឹកស្ទឹងសង្កែ បានហក់ឡើងដល់កំពស់១៣.២ម៉ែត្រ ហើយ ដែលជាសញ្ញាប្រាប់ឲ្យមានការប្រុងប្រយ័ត្ន។ មន្ត្រីធនធានទឹកបាននិយាយទៀតថា ជំនន់ទឹកដែលកំពុងមានសន្ទុះនៅតាមដងស្ទឹងសង្កែនាពេលនេះ ដោយសារតែនៅប៉ែកខាងលើនៃដងស្ទឹង ជាពិសេសនៅស្រុកសំឡូត ស្រុករតនមណ្ឌល និង តាមបណ្ដាស្រុកមួយចំនួនទៀត មានភ្លៀងធ្លាក់ជោកជាំជាប់ៗគ្នានាប៉ុន្មានថ្ងៃកន្លងទៅនេះ ទើបបង្កឲ្យមានជំនន់តាមដងស្ទឹងសង្កែ។
លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃនេះ លោកក៏បានចុះពិនិត្យមើលពីស្ថានភាព ជំនន់ទឹកភ្លៀង ហូរចូលស្ទឹងសង្កែ បង្ករអោយហក់ឡើង ឈានដល់ការប្រុងប្រយ័ត្ននេះផងដែរ ៕
ដោយ, សុខ ខេមរា