រោងចក្រផលិតសំបកកង់រថយន្តខ្នាតអន្តរជាតិនៅខេត្តស្វាយរៀងចំណាយទុនជំហានដំបូងប្រមាណ៣០០ លានដុល្លារ

ចែករំលែក៖

ខេត្តស្វាយរៀង៖ ទោះបីស្ថិតក្នុងបរិបទជំងឺកូវីដ-១៩រាលដាល នៅក្នុងពិភពលោក ក៏ដូចជានៅក្នុងប្រទេសកម្ពុជាក្តី ប៉ុន្តែដំណើរការវិនិយោគនៅតែបន្តយ៉ាងផុសផុល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងមានការយកចិត្តទុកដាក់ខ្ពស់ ពីលោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ព្រមទាំងថ្នាក់ដឹនាំក្រុងស្វាយរៀងនិងអាជ្ញាធរដែនដី ធ្វើឲ្យអ្នកវិនិយោគទុនជាច្រើនបានមកបណ្តាក់ទុនរកស៊ីនៅក្នុងខេត្តស្វាយរៀង។

លោកសរ សុដានី អភិបាលរងក្រុងស្វាយរៀង បានប្រាប់អោយដឹងនៅព្រឹកថ្ងៃទី១៧ខែតុលាឆ្នាំ២០២១នេះ ថារោងចក្រ ផលិតសំបកកង់រថយន្តខ្នាតអន្តរជាតិ ដែលធំជាងគេនៅក្នុងប្រទេសកម្ពុជាស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ ជៀនពុចាយសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង កំពុងដំណើរការសាងសង់បានប្រមាណជាង ៨០ភាគរយនឹងគ្រោងត្រៀមសម្ពោធជាផ្លូវការនៅពេលប៉ុន្មានខែខាងមុខទៀតនេះ។

លោកអភិបាលរងក្រុងស្វាយរៀង បានបន្ថែមថាតំបន់សេដ្ឋកិច្ចពិសេសឈីលូ ជៀនពុចាយ ដែលមានរោងចក្រជាច្រើន ជាពិសេសរោងចក្រផលិតសំបកកង់រថយន្តដ៏ធំខ្នាតអន្តរជាតិខេតថាយ អឺរឯ.ក(Cart tire co.ltd)បានបង្កើតឡើង ធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងខេត្តមានការងារធ្វើរាប់ម៉ឺននាក់ មានជីវភាពកាន់តែល្អប្រសើរ។

លោកបានបន្តថា សម្រាប់រោងចក្រផលិតសំបកកង់រថយន្តគឺមានតែនៅរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូជៀនពុចាយ តែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលជារោងចក្រខ្នាតអន្តរជាតិដែលចំណាយទុនជំហានដំបូងប្រមាណ ៣០០លានដុល្លារក្នុងការវិនិយោគរបស់ខ្លួន។

លោកបានបន្ថែមថានៅក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូជៀនពុចាយ សព្វថ្ងៃនេះគឺមានរោងចក្រប្រមាណ ១២ រោងចក្រកំពុងដំណើរការផលិត រាប់បញ្ចូលទាំងរោងចក្រផលិតសំបកកង់រថយន្តដែលកំពុងតែសាងសង់បានប្រមាណជាង ៨០ ភាគរយ ក្នុងនោះមានរោងចក្រផលិតសំលៀកបំពាក់ ផលិតកង់ ផលិតការវិចខ្ចប់ជាដើម។ហើយបើតាមការបញ្ជាក់ពីអ្នកគ្រប់គ្រងរោងចក្រខេតថាយ អឺរឯ.ក ដែលមកវិនិយោគផលិតសំបកកង់រថយន្តនេះ នឹងធ្វើឲ្យក្លាយទៅជារោងចក្រធំជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។

សូមបញ្ជាក់ថា លោកម៉ែន​ វិបុល​ អភិបាលខេត្តស្វាយរៀង​កាលពីថ្ងៃទី១៥ខែតុលាឆ្នាំ២០២១កន្លងទៅនេះបានចុះពិនិត្យមេីលវឌ្ឍនភាពនៃដំណេីការសាងសង់រោងចក្រផលិតសំបកកង់រថយន្ត​ ក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូជៀនពុចាយ​ ផងដែរ៕

...

ដោយ៖ យឹម  សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print