ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ បានអញ្ជើញចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញជូនប្រជាពលរដ្ឋនៅខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ។
សូមបញ្ជាក់ថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពីសំណាក់ក្រុមពេទ្យរបស់កងយោធពលខេមរភូមិន្ទនេះ បានចាប់ផ្តើមបើកយុទ្ធនាការចាក់ចាប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ នៅក្នុងខណ្ឌចំនួន៦ របស់រាជធានីភ្នំពេញ ដែលរួមមាន៖ ខណ្ឌមានជ័យ, ខណ្ឌដង្កោ, ខណ្ឌកំបូល, ខណ្ឌពោធិ៍សែនជ័យ, ខណ្ឌឫស្សីកែវ, ខណទួលគោក និងខណ្ឌសែនសុខ។
បើតាមសេចក្តីរាយការណ៍ពីមន្ត្រីសុខាភិបាលរបស់កងយោធពលខេមរភូមិន្ទ រហូតមកដល់ពេលនេះដំណើរការចាក់វ៉ាក់សាំងដូសជំរុញ បានប្រព្រឹត្តទៅមានភាពល្អប្រសើរតាមគ្រោងទុក និងមិនមានឧបសគ្គអ្វីគួរឲ្យកត់សម្គាល់ឡើយ ប្រជាពលរដ្ឋបានមកចូលរួមចាក់វ៉ាក់សាំងដូសជំរុញនេះយ៉ាងច្រើនកុះករ។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ថា នេះគឺជាការបោះជំហ៊ានទៅមុខរបស់កម្ពុជា លើការងារផ្តល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ ដើម្បីពង្រឹងភាពស៊ាំក្នុងសហគមន៍ ការកាត់បន្ថយហានីភ័យ នៃការរាតត្បាតដោយជម្ងឺកូវីដ-១៩។
តែទោះជាយ៉ាងនេះក្តី នាយឧត្តមសេនីយ៍ វង្ស ពិសេន បានផ្ដាំផ្ញើទៅប្រជាពលរដ្ឋគ្រប់រូប អនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមវិធានការ ៣ការពារ និង ៣កុំ ដែលជាអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា៕
ដោយ៖ សូរិយា