មានករណីបាញ់ប្រហារនៅក្នុងសាលាមហាវិទ្យាល័យ Grambling រដ្ឋ Louisiana អាមេរិកបណ្តាលឲ្យមនុស្សម្នាក់ស្លាប់និង ៧នាក់រងរបួស ក្នុងនោះមានម្នាក់របួសធ្ងន់ស្ថិតនៅក្នុងសភាពគ្រោះថ្នាក់។
ស្នងការប៉ូលិសរដ្ឋ Louisiana បានឲ្យដឹងថា ការបាញ់ប្រហារនៅព្រឹកថ្ងៃទី ១៨ខែតុលា នៅមហាវិទ្យាល័យ Grambling ។ នេះជាករណីបាញ់ប្រហារលើកទីពីរហើយនៅសាលារៀន ក្នុងរយៈពេលមិនដល់មួយសប្តាហ៍ផង ហើយក្រុមជំនាញកំពុងតែស្រាវជ្រាវតើការបាញ់ប្រហារនោះជាប់ពាក់ព័ន្ធគ្នាដែរឬទេ។
តាមការប្រកាសរបស់កម្លាំងប៉ូលិស ក្រោយការបាញ់ប្រហារ មហាវិទ្យាល័យ Grambling ក៏បានឲ្យសិស្សផ្អាកការសិក្សា រយៈពេល២ថ្ងៃគឺនៅថ្ងៃទី ១៨និង ១៩ខែតុលា។ ជាមួយគ្នានេះដែរ គណៈកម្មការនាយកសាលាបានស្នើដល់សិស្សមិនត្រូវផ្សព្វផ្សាយព័ត៌មានមិនពិតនោះឡើយ។
ទន្ទឹមនឹងនោះ កម្លាំង សន្តិសុខក៏បានអនុម័តច្បាប់បម្រាមគោចរក្នុងសាលារហូតដល់មានមានសេចក្តីប្រកាសថ្មី។ ប៉ូលិសក៏បានស្នើឲ្យផ្តាល់ព័ត៌មានបន្ថែមក្នុងការស្រាវជ្រាវបញ្ជាក់ឲ្យបានច្បាស់ពីសកម្មភាពបាញ់ប្រហារខាងលើ ។
កាលពីថ្ងៃទី១៣ខែតុលា នៅក្នុងសាលារៀននេះដែរក៏មានការបាញ់ប្រហារបណ្តាលឲ្យមនុស្សម្នាក់ស្លាប់និងម្នាក់រងរបួសធ្ងន់៕ ដោយ៖សាធី
ប៉ូលីសមានវត្តមាននៅកន្លែងកើតហេតុនៃការបាញ់ប្រហារនេះ។ (ប្រភពរូប៖ myarklamiss)