នៅថ្ងៃទី ១៩ខែតុលា កូរ៉េខាងជើងបានបាញ់មីស៊ីលចូលទៅកាន់ដែនសមុទ្រប្រទេសជប៉ុន ។ សារព័ត៌មានយ៉ុងហាប់របស់កូរ៉េខាងត្បូង បានដកស្រង់ប្រភពព័ត៌មានពីទីបញ្ជាការកងកម្លាំងសម្ព័ន្ធមិត្តអាមេរិក-កូរ៉េខាងត្បូង បានបញ្ជាក់ថា កូរ៉េខាងជើងពិតជាបានបាញ់មីស៊ីលឆ្លងទ្វីបចូលទៅកាន់ដែនសមុទ្រជប៉ុន ប៉ុន្តែមិនបានបញ្ជាក់ថាមីស៊ីលប្រភេទណានោះឡើយ។ ក្នុងពេលជាមួយគ្នានេះដែរ សារព័ត៌មានក្យូដូ របស់ជប៉ុនបានផ្សាយថា នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានមានប្រសាសន៍ថា កូរ៉េខាងជើងបានបាញ់មីស៊ីលពីរគ្រាប់ចូលទៅកាន់ដែនសមុទ្រជប៉ុន។ តាមប្រភពព័ត៌មាន នៅពេលនេះមិនទាន់មានរបាយការណ៍បញ្ជាក់ពីការខូចខាតដោយសារតែការបាញ់មីស៊ីលនោះឡើយ អាចប៉ះពាល់ដល់ក្រុមអ្នកនេសាទ ឬឆ្មាំការពារដែនសមុទ្រដែរឬទេ។ សារព័ត៌មាន យ៉ុងហាប់បានផ្សាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលពីរគ្រាប់ ចេញពីទីតាំង Sinpo ស្ថិតនៅក្នុងខេត្តHamgyong នៅវេលាម៉ោង ១០និង១៧នាទី(ពេលវេលាក្នុងតំបន់)។ នៅពេលនេះដែរ ក្រុមចារកិច្ចអាមេរិកនិងកូរ៉េខាងត្បូង កំពុងតែវាយតម្លៃ ពីបញ្ហាខាងលើ។ នេះជាលើកទីពីរហើយក្នុងរយៈពេលមួយខែកន្លងមក ដែលកូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីល។ កាលពីថ្ងៃទី ១៥ខែកញ្ញា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលចេញពីរថភ្លើង ដែលជាជំហានថ្មីក្នុងយុទ្ធសាស្ត្រយោធារបស់កូរ៉េខាងជើង ក្នុងគោលដៅការពារនិងទប់ស្កាត់ការវាយប្រហារពីសត្រូវ៕ដោយ៖សាធី
រូបថត៖ Reuters.
ប្រភពរូបថត៖ NK NEWS.