អភិបាលខេត្តមណ្ឌលគិរីចុះពិនិត្យស្ថានភាពទឹកជំនន់ និងនាំយកអំណោយមួយចំនួនចែកជូនប្រជាពលរដ្ឋរងផលប៉ះពាល់ពីទឹកជំនន់

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ លោក ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយ លោកអភិបាលរងខេត្ត លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោកនាយករដ្ឋបាលសាលាខេត្ត អាជ្ញាធរស្រុកកោះញែក បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ និងនាំយកអំណោយមួយចំនួនទៅចែកជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីទឹកជំនន់។
ការចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ និងនាំយកអំណោយទៅចែកប្រជាពលរដ្ឋនោះធ្វើឡើងកាលពីរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នៅចំណុចភូមិអន្ទ្រេះ និងភូមិឈួល ក្នុងឃុំស្រែហ៊ុយ ស្រុកកោះញែក។
លោក ថង សាវុន បានមានប្រសាសន៍ថា៖ រដូវនេះជារដូវវស្សាគួបផ្សំជាមួយនឹងឥទ្ធិពលព្យុះផងបានធ្វើឱ្យឃុំមួយចំនួនតាមបណ្ដាស្រុកត្រូវរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ក្នុងនោះស្រុកកោះញែកបានរងផលប៉ះពាល់ខ្លាំងជាងគេ ដោយផ្លូវស្ពានមួយចំនួនត្រូវទឹកជន់លិច ដែលធ្វើឱ្យការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក។
លោកបានណែនាំដល់អាជ្ញាធរស្រុកកោះញែកត្រូវយកចិត្តទុកដាក់គិតគូរពីសុវត្ថិភាពរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់ និងត្រូវត្រៀមលក្ខណៈជាស្រេចដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។
ក្នុងឱកាសនោះលោក ថង សាវុន បានស្នើដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះកូនតូចៗ ចៀសវាងមានគ្រោះថ្នាក់ជាយថាហេតុ និងបានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋត្រូវខិតខំបង្កបង្កើនផល ជាពិសេសដំណាំស្រូវ បន្ទាប់ពីទឹកស្រកទៅវិញ ។ ម៉្យាងទៀតប្រជាពលរដ្ឋត្រូវបន្តការដាំបន្លែបង្ការគ្រប់មុខ និងចិញ្ចឹមសត្វ ដើម្បីបង្កើនប្រាក់ចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់ក្នុងជីវភាពគ្រួសារប្រចាំថ្ងៃផងដែរ។
លោក ឌឹម នី អភិបាលស្រុកកោះញែកបានឱ្យដឹងថា មានឃុំចំនួន៥ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ហើយផ្លូវនិងស្ពានមួយចំនួនធំត្រូវទឹកលិចក្នុងរយៈពេលខ្លី ដែលមកទល់ពេលនេះជំនន់ទឹកភ្លៀងបានស្រកទៅវិញស្ទើរតែទាំងស្រុង ដោយមិនមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ផ្លូវ ស្ពាននិងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនោះឡើយ ៕


ដោយ ៖ ជីវ័ន្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print