ភ្នំពេញ÷ដើម្បីអនុវត្តន៍តាមអនុសាសន៍របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការ ពារជាតិ ដែលបានថ្លែងក្នុងឱកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ពិសេសផែនការរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយឲ្យបានជាអតិប្បរិមានូវការឆ្លងមេរោគថ្មី និងកាត់ បន្ថយការស្លាប់ដោយសារជំងឺកូវីដ-១៩ ឲ្យមានប្រសិទ្ធភាព ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ បានដាក់ពង្រាយគ្រូពេទ្យយោធា ក្នុងរាជធានីភ្នំពេញ ក្នុងនោះមាន ៦ខណ្ឌ គឺទួលគោក,ខណ្ឌមានជ័យ,ពោធិ៍សែនជ័យ,កំបូល,ដង្កោ និងខណ្ឌឬស្សីកែវ រួមសហការជាមួយគ្រូពេទ្យរបស់ក្រសួងសុខាភិបាល និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដើម្បីចាក់ដូសជំរុញជូនប្រជាពលរដ្ឋឲ្យបានសម្រេចតាមផែនការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលសម្តេចតេជោបានបញ្ជាក់ថា នឹងបើកប្រទេសឡើងវិញឆាប់ៗនេះ។
ប្រជាពលរដ្ឋក្នុងខ័ណ្ឌទួលគោក ដែលមកទទួលវ៉ាក់សាំងដូសជម្រុញ បានសំដែងនូវទឹកមុខរីករាយ និងថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានខិតខំអស់ពីកម្លាំងកាយចិត្តក្នុងការស្វេះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ។ ទាំងនេះគឺដើម្បីបានបញ្ជាក់ថា សម្តេចតែងបានគិតគូរជាប្រចាំចំពោះសុខុមាល ភាពរបស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។
សកម្មភាពដ៏ប្រពៃរបស់ក្រុមគ្រូពេទ្យនៃកងយោធពលខេមរភូមិន្ទ ជាទំនុកចិត្តដ៏ល្អរបស់សម្តេចប្រមុខរាជរដ្ឋាភិបាល ដើម្បីពន្លឿនផែនការសកម្មភាពចាក់ដូសជម្រុញឲ្យសម្រេចបានតាមការគ្រោង ទុកដើម្បីឈានទៅបើកប្រទេសឡើងវិញដែលសម្តេចសង្ឃឹមថា អាចប្រព្រឹត្តទៅក្នុងពេលឆាប់ៗខាងមុខ។ ពិសេសបំផុតគឺការបើកឡើងវិញនូវវិស័យសេដ្ឋកិច្ច និងទេសចរណ៍ ដែលជាវិស័យស្នូលនៃដង្ហើមរស់របស់ប្រទេសជាតិ និងប្រជាពលរដ្ឋទាំងមូល។
សម្តេចតេជោនាយករដ្ឋមន្រ្តីនៃព្រេះរាជាណាចក្រកម្ពុជាថ្មីៗនេះ បានសំដែងក្តីរីករាយដោយពិនិត្យឃើញដំណើរការចាក់វ៉ាក់សាំងបានរហូតដល់ជិត១៤លាននាក់។ ដោយសារកំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ គិតត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ មាន ៩៩,៥៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩០,៣៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ៩៩,០៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់។
សម្តេចប្រមុខរាជរដ្ឋាភិបាលមានសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងក្រុមគ្រូពេទ្យក្រុមការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ក្រសួងការពារជាតិ ក្រុមគ្រូពេទ្យក្រសួងសុខាភិបាល និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តពិតជាឆ្លើយ តបតាមបំណងប្រាថ្នារបស់សម្តេច និងផែនការគ្រោងបើកប្រទេសឡើងវិញឲ្យ បានឆាប់រហ័សដើម្បីស្តារសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឡើងវិញ។
ទោះបីជាយ៉ាងណា សម្ដេចពិជ័យសេនា ទៀ បាញ់ នៅតែអំពាវនាវឲ្យប្រជាពលរដ្ឋ កម្មករនិយោជិត និងវិស័យឯកជនចូល រួមសហការអនុវត្តគោលនយោបាយចាក់វ៉ាក់សាំងដូស ជំរុញរបស់រាជរដ្ឋាភិ បាល ឲ្យទទួលបានជោគជ័យ ព្រមទាំងចូលរួមអនុវត្តវិធានការ “៣ការពារ និង ៣កុំ” ជានិច្ច ៕
ដោយ៖ សូរិយា