ភ្នំពេញ៖ បុរសម្នាក់បានបាញ់សម្លាប់ខ្លួនឯងបង្កការភ្ញាក់ផ្អើលនៅថ្ងៃព្រហស្បតិ៍ ១៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង៧និង១៥នាទី នៅចំណុចក្នុងបន្ទប់ទឹកខាងក្រោយបរិវេណការាសសាំង PTT ផ្លូវបេតុងព្រៃស ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ជាមន្ត្រីយោធានិងជាថៅកែការាសសាំង PTT។
លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនៃអធិការដ្ឋាននគរបាលខណ្ឌបានឱ្យដឹងថា សពឈ្មោះ ឡី សុក្រឹត ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរម្ចាស់ការាសសាំង PTTស្នាក់នៅកន្លែងកើតហេតុ។ លោកអធិការបានបន្តថា សពមានស្នាមរបួសធ្លាយពីសៀតផ្កាស្ដាំទៅឆ្វេង។
សមត្ថកិច្ចបានបញ្ជាក់ថា វត្ថុតាងបន្សល់ទុកកន្លែងកើតហេតុមាន កាំភ្លើងខ្លី១ដើមម៉ាកZORAKI 2914-T, បង់១មានគ្រាប់ក្នុងបង់៦គ្រាប់និងក្នុងកាណុង១, សំបកកាទុស១ និងបាល់គ្រាប់១។
លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនៃអធិការដ្ឋាននគរបាលខណ្ឌបានបញ្ជាក់ថា មុនពេលកើតហេតុ កន្លងមកជនរងគ្រោះមានវិបត្តិរឿងលុយកាក់ធ្ងន់ធ្ងរ ។ លុះព្រឹកថ្ងៃកើតហេតុកូនចៅងើបពីដេកដើររកមេមិនឃើញព្រោះណាត់គ្នាត្រូវទៅខេត្តកំពត ក៏ដើរទៅមើលនៅបន្ទប់ទឹកឃើញតែស្បែកជើងស្រែកហៅមិនឮឆ្លើយ។ ដោយមានការសង្ស័យក៏ហៅគ្នាយកសោមកចាក់មើលស្រាប់តែឃើញជនរងគ្រោះដេកស្លាប់បាត់ទៅហើយដោយមានឈាមផ្នែកក្បាល រួចក៏ផ្អើលឆោឡោ ហើយរាយការណ៍ប្រាប់សមត្ថកិច្ចតែម្ដង។ លទ្ធផលធ្វើសំណាកពីក្រុមគ្រូពេទ្យ គឺអវិជ្ជមានជំងឺកូវីដ-១៩។
យោងតាមការសន្និដ្ឋានវាយតម្លៃ ការពិនិត្យនិងវិភាគជុំវិញកន្លែងកើតហេតុ របស់កម្លាំងការិយាល័យបច្ចេកទេសនិងវិទ្យាសាស្រ្តនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញគឺជនរងគ្រោះធ្វើអត្តឃាតដោយបាញ់សម្លាប់ខ្លួនពិតប្រាកដមែន។ បច្ចុប្បន្នសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
ដោយឡែកចំពោះករណីដែលសមត្ថកិច្ចបញ្ជាក់ថាមានវិបត្តិធ្ងន់ធ្ងរអំពីបញ្ហាថវិកានោះ ពុំទាន់មានការបញ្ជាក់ណាមួយឲ្យបានជាក់លាក់អំពីមូលហេតុនៃវិបត្តិសេដ្ឋកិច្ចនោះនៅឡើយទេ ៕