ខេត្តកណ្តាល៖ នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមឆ្លើយតបបំភ្លឺជូនសាធារណជន និងគណនីហ្វេសប៊ុកឈ្មោះ Ann Ann ដែលបាន ខមិន (Comment) ក្នុងគេហទំព័រហ្វេសប៊ុកផេក សម្ដេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានខ្លឹមសារថា «សូមសម្ដេចពុកជួយអោយអធិការដ្ឋាននគរបាលនៅស្រុកកោះធំ ខេត្តកណ្ដាល ឃុំព្រែកថ្មី ភូមិព្រែកតាហ៊ីង សូមសម្ដេចពុក ចុះស្នើអោយអធិការដ្ឋាននគរបាលចុះបង្ក្រាបគ្រឿងញៀន ដើម្បីជួយដល់ប្រជាជនផង ព្រោះឥឡូវអ្នកលក់គ្រឿងញៀនមានច្រើនណាស់ ហើយចំណែកអ្នកជក់គ្រឿងញៀនក៏កាន់តែច្រើន អ្នកខ្លះជក់ហើយបាត់ការចងចាំមិនស្គាល់ឪពុកម្ដាយវៃឪពុកម្ដាយកាប់ឪពុកម្ដាយមិនស្គាល់បងប្អូនប្រជាជនកំពុងជួបទុក្ខលំបាកជាខ្លាំងសង្ឃឹមថា សម្ដេចពុកនឹងជួយដល់ប្រជាជន សូមអរគុណសម្ដេចពុក និងដោយក្ដីគោរពដ៏ខ្ពង់ខ្ពស់»។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងក្រុមការងារប្រតិកម្មរហ័សខេត្ត បានចាត់ឲ្យលោកវរសេនីយ៍ឯក ស៊ីម ឃាង អធិការនគរបាលស្រុកកោះធំ ដឹកនាំកម្លាំងផ្នែកជំនាញប្រឆាំងបទល្មើសគ្រឿងញៀន និងប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកថ្មី ចុះស្រាវជ្រាវឆ្លើយតបបំភ្លឺជូនសាធារណជនជាបន្ទាន់។
ជាលទ្ធផល៖
នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ បានស្រាវជ្រាវឲ្យដឹងថា ៖ កន្លងមកកម្លាំងផ្នែកជំនាញប្រឆាំងបទល្មើសគ្រឿងញៀន បានសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង១១ ក្នុងស្រុក ចាប់តាំងពីខែមករា ដល់ខែតុលា ឆ្នាំ២០២១ នេះនៅទូទាំងស្រុកកោះធំ ខេត្តកណ្ដាល បង្ក្រាបករណីគ្រឿងញៀនបានសរុប ៤០ករណី (ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនចំនួន២២ករណី, ករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន១៨ករណី) ឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅតុលាការសរុប ៦៨នាក់ ដែលក្នុងនោះសមត្ថកិច្ចនគរបាលដកហូត និងចាប់យកវត្ថុតាងមួយចំនួនដូចខាងក្រោម៖
១/ ថ្នាំញៀន(ម៉ាទឹកកក) ចំនួន១០៣កញ្ចប់
២/ ម៉ូតូ ចំនួន២៦គ្រឿង
៣/ ទូរស័ព្ទដៃ ចំនួន៥១គ្រឿង។
+បន្ថែមពីលើនោះកម្លាំងផ្នែកជំនាញប្រឆាំងបទល្មើសគ្រឿងញៀន បានសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង១១ អនុវត្តប្រតិបត្តិការចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តកណ្ដាល ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ចំនួន១០ករណី ចាប់ខ្លួនជនជាប់ចោទ១០នាក់ បញ្ជូនទៅសាលាដំបូងខេត្តកណ្តាល ផងដែរ។
ដោយឡែកនៅមូលដ្ឋានឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល កម្លាំងផ្នែកជំនាញប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយនឹងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកថ្មី ចាប់តាំងពីខែមករា ដល់ខែតុលា ឆ្នាំ២០២១ នៅក្នុងឃុំព្រែកថ្មី បានបង្ក្រាបករណីគ្រឿងញៀនសរុប ០៣ករណី ឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅតុលាការចំនួន០៨នាក់ និងបានដកហូតចាប់យកវត្ថុតាងមួយចំនួនដូចខាងក្រោម៖
១/ ថ្នាំញៀន(ម៉ាទឹកកក) ចំនួន១១កញ្ចប់
២/ ម៉ូតូ ចំនួន០១គ្រឿង
៣/ ទូរស័ព្ទដៃ ចំនួន០៦គ្រឿង។
+បន្ថែមពីលើនោះផងដែរ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកថ្មី នៃអធិការដ្ឋាននគរបាលស្រុកកោះធំ ខេត្តកណ្ដាល ក៏បានប្រតិបត្តិការចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តកណ្ដាល ពាក់ព័ន្ធនឹងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ចំនួន០៣ករណី ចាប់ខ្លួនជនជាប់ចោទ០៣នាក់ បញ្ជូនទៅសាលាដំបូងខេត្តកណ្តាល ផងដែរ។
បច្ចុប្បន្ននេះកម្លាំងជំនាញប្រឆាំងគ្រឿងញៀនស្រុកកោះធំ សហការជាមួយកម្លាំងជំនាញពាក់ព័ន្ធបាននឹងកំពុងបន្តធ្វើការស្រាវជ្រាវ ក្តាប់មុខសញ្ញាតាមគោលការណ៍ប្រៀបសមរភូមិ និងបង្ក្រាបជាបន្តបន្ទាប់រាល់បទល្មើសគ្រឿងញៀនដែលកើតមានឡើងក្នុងមូលដ្ឋានឲ្យដូចជាភ្លៀងរលឹម។
អាស្រ័យហេតុនេះ សូមសាធារណជន ដែលប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាបជាព័ត៌មាន៕
ដោយ, សិលា