លោក​ ស​ សុខា​ អបអរសាទរខួបលើកទី៣០ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាម​ការបញ្ជាក់​ពី​លោក​ ស​ សុខា​ រដ្ឋលេខាធិការ​ក្រសួង​អប់រំយុវជន​ និងកីឡា​ បានឱ្យដឹងថា​៖​ ថ្ងៃទី២៣ តុលា ២០២១​នេះ ជាថ្ងៃដែលថ្នាក់ដឹកនាំ ក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ប្រារព្ធពិធី និងអបអរសាទរខួបលើកទី៣០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី ដំណោះនយោបាយរួម នៃជម្លោះកម្ពុជា ឬហៅកាត់ថា “កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស” ។

កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជាសមិទ្ធផលប្រវត្តិសាស្ត្ររបស់ប្រជាពលរដ្ឋខ្មែរ ដែលបានផ្តើមចេញពីការចរចានយោបាយរវាងឥស្សរជនខ្មែរ គឺព្រះករុណាសម្តេចព្រះ នរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ) និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តំណាងរដ្ឋាភិបាលកម្ពុជានាសម័យនោះ មុននឹងឈានទៅដល់សន្និសីទអន្តរជាតិទីក្រុងប៉ារីស នាថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ព្រមទាំងឈានទៅដល់រៀបចំការបោះឆ្នោតជាតិ លើកដំបូងនៅឆ្នាំ១៩៩៣។

លោក​ ស​ សុខា​ បានបញ្ជាក់បន្ថែមទៀតថា​ ក្រោយបោះឆ្នោតជាតិឆ្នាំ១៩៩៣ រដ្ឋធម្មនុញ្ញថ្មី ត្រូវបានបង្កើតឡើង។ ស្មារតីរបស់កិច្ចព្រមព្រៀង​ ត្រូវបានដាក់បញ្ចូលក្នុងរដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣​ ដែលជាច្បាប់កំពូល​ និងច្បាប់គ្រឹះតែមួយគត់តរៀងមក។ ជាជំហានៗ កម្ពុជាបានធ្វើដំណើរលើមាគ៌ាប្រជាធិបតេយ្យ សេរីពហុបក្ស ប៉ុន្តែកម្ពុជាពេលនោះមិនទាន់មានសន្តិភាពពេញលេញនៅឡើយ ព្រោះសង្គ្រាមស៊ីវិលនៅតែបន្តកើតមានដោយអន្លេីរ​ ប៉ុន្តែជាភ័ព្វសំណាងកម្ពុជាយើង មានថ្នាក់ដឹកនាំប្រកបដោយបញ្ញាញាណឈ្លាសវៃ និងអង់អាចក្លាហាន បានធ្វើឲ្យសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃនៅកម្ពុជា បញ្ចប់ជាស្ថាពរនៅឆ្នាំ១៩៩៨ ក្រោមនយោបាយ ឈ្នះ-ឈ្នះ ។

ក្រោមនយោបាយ ឈ្នះ-ឈ្នះ ដែលមានសម្តេចតេជោ ជាប្រមុខដឹកនាំ ចាប់ពីឆ្នាំ១៩៩៨ រហូតមកដល់បច្ចុប្បន្ន កម្ពុជាបានឆ្លងផុតពីភ្លើងសង្គ្រាម ប្រជាពលរដ្ឋបានរួមរស់ក្នុងសុខសន្តិភាពយ៉ាងពេញលេញ ប្រទេសជាតិមានការអភិវឌ្ឍគ្រប់វិស័យ និងមានភាពស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិទៀតផង ។

ជាការពិត​ តាមតម្លៃគតិយុត្ត​ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះអស់សុពលភាពចាប់តាំងពីកម្ពុជាបានអនុម័តរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣មក។ ដូចមាត្រា១នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបានបញ្ជាក់យ៉ាងច្បាស់អំពីការបញ្ចប់សុពលភាពកិច្ចព្រមព្រៀង ដោយបានចែងថា ដើម្បីបំរើវត្ថុបំណងនៃកិច្ចព្រមព្រៀងនេះ ដំណាក់កាលអន្តរកាលត្រូវចាប់ផ្តើមពីពេលដែលកិច្ចព្រមព្រៀងនេះចូលជាធរមាន​ ហើយ​ត្រូវបញ្ចប់នៅពេលសភាធម្មនុញ្ញត្រូវបានបង្កើតឡើងហើយបានអនុម័តរដ្ឋធម្មនុញ្ញនិងបានក្លាយខ្លួនឯងទៅជាសភានីតិបញ្ញត្តិ​ រួចរាជរដ្ឋាភិបាលត្រូវបានបង្កើតឡើង។​ តែទោះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបានបញ្ចប់សុពលភាពក៏ពិតមែន តម្លៃរបស់វាពិតជាមានអត្ថន័យមិនអាចកាត់ថ្លៃបាន ព្រោះជាការបើកទំព័រប្រវត្តិសាស្ត្រក្នុងការស្វែងរកនូវសន្តិភាព ការបង្រួបបង្រួមជាតិ បញ្ចប់សង្គ្រាមរវាងគ្នានិងគ្នា ដោយរួមគ្នាស្តារ និងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចំរើន។

បន្ថែមពីនេះ​ លោក​ ស​ សុខា​ បានគូសបញ្ជាក់ថា​ ក្នុងនាមយុវជនខ្មែរជំនាន់ក្រោយមួយរូប ខ្ញុំសូមប្តេជ្ញាចូលរួមថែរក្សា ការពារសន្តិភាព ដែលថ្នាក់ដឹកនាំយើង ពុះពារគ្រប់ឧបសគ្គ ឆ្លងកាត់ព្យុះភ្លៀង រកបានដោយលំបាកនេះ ពិសេសមិនឲ្យប្រទេសកម្ពុជា ធ្លាក់ចូលក្នុងភ្លើងសង្គ្រាមសារជាថ្មីឡើយ និងចូលរួមថែរក្សាស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ឲ្យបានឋិតថេរគង់វង្សជាអមតៈ ៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print