ខេត្តកំពង់ចាម ៖ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ បានបេីកកិច្ចសហការបង្ក្រាប ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនចំនួន០១ករណី ឃាត់ខ្លួនជនសង្ស័យបានចំនួន០៦នាក់ជាបន្តបន្ទាប់ និងចាប់យកវត្ថុតាងបានមួយចំនួន ។
លោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ បានឱ្យដឹងថា កិច្ចសហការបង្ក្រាបធ្វេីឡេីងបន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ ហើយភ្លាមៗនោះដោយមានការសម្របសម្រួលពីលោក តូច ឧត្តម ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម លោកក៏បានដឹកនាំកម្លាំងចុះបង្ក្រាបតែម្តង។
លោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ បានបង្ហាញអត្តសញ្ញាណជនសង្ស័យ និងប្រាប់ឱ្យដឹងមុនពេលឃាត់ខ្លួនជនសង្ស័យបានទាំង៦នាក់ជាបន្តបន្ទាប់ដូចខាង ក្រោមនេះ ៖
មុនដំបូងសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ហ៊ួរ សង្ហា ហៅ ម៉ាប់ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិពូនប្រមាត់ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ( ជាមុខសញ្ញាមានថ្នាំញៀនចំនួន០១កញ្ចប់) ។
តាមការបំភ្លឺពីជនសង្ស័យខាងលើនេះបានឆ្លើយថា ថ្នាំញៀនដែលខ្លួនយកមកលក់នេះ គឺខ្លួនទិញពីអ្នកលក់ម្នាក់ទៀត។ ពេលនោះសមត្ថកិច្ចក៏បានបន្តទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ ឈឹម សុខគា ហៅ ព្រលឹត ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិទួលពោន ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម (ជាមុខសញ្ញាមានថ្នាំញៀនចំនួន ០៣កញ្ចប់ )។
ពេលសមត្ថកិច្ចជំនាញសួរចម្លើយជនសង្ស័យខាងលើបានឆ្លើយថា ថ្នាំញៀនដែលខ្លួនយកមកលក់នេះគឺខ្លួនបានទិញពីអ្នកលក់ម្នាក់ទៀត។ ពេលនោះសមត្ថកិច្ចយើងបានទៅឃាត់ខ្លួនបានជនសង្ស័យចំនួន០៤នាក់ទៀតរួមមាន ៖ ឈ្មោះ ស៊ិន សុខនៅ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ដ មានទីលំនៅភូមិអូរសង្កែលើ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម (ជាមុខសញ្ញាមានថ្នាំញៀនចំនួន០១កញ្ចប់ ), ឈ្មោះ ធីម ថា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឃ្លោយទី២ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម(ជាមុខសញ្ញាមានថ្នាំញៀនចំនួន០១កញ្ចប់ ), ឈ្មោះ ហ៊ី ម៉េងហ៊ាង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ដ មានទីលំនៅភូមិអូរសង្កែលើ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងឈ្មោះ ធី វុត្ថា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ដ មានទីលំនៅភូមិឃ្លោយទី២ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
ហូតវត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ៖ ថ្នាំញៀនចំនួន០៦កញ្ចប់ មានទម្ងន់សរុបចំនួន១.២១ក្រាមទាំងសំបក និងទូរស័ព្ទដៃចំនួន០៦គ្រឿង ។
លោកជីវ សេងរស់ បញ្ជាក់ថា ចំពោះ
ជនសង្ស័យទាំង០៦នាក់ខាងលើ បានធ្វើតេស្តសំណាកកូវីដ-១៩ ជាលទ្ធផល អវិជ្ជមានទាំង០៦នាក់ ៕
ដោយ៖ វណ្ណៈ