អភិបាលខេត្តព្រៃវែង ៖ អបអរសាទរ! ខួបលេីកទី៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស! (២៣ តុលា ១៩៩១-២៣ តុលា ២០២១)

ចែករំលែក៖

ខេត្តព្រៃវែង ៖ លោក ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ បានមានប្រសាសន៍លើកឡើងថា, សូមរម្លឹកថា សមិទ្ធផលប្រវត្តិសាស្ត្រនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស បានផ្ដើមចេញពីការចរចារនយោបាយរវាងឥស្សរជនខ្មែរយ៉ាងសំខាន់នោះ គឺសម្ដេចព្រះនរោត្ដម សីហនុ (ព្រះបរមរតនកោដ្ឋ) និងសម្ដេចតេជោ ហ៊ុន សែន មុននឹងឈានទៅដល់សន្និសីទអន្តរជាតិទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ ហើយឈានទៅដល់ការរៀបចំការបោះឆ្នោតឆ្នាំ១៩៩៣។ ដោយសារ យើងមានថ្នាក់ដឹកនាំប្រកបដោយបញ្ញាញាណឈ្លាសវៃ និងភាពអង់អាចក្លាហាន យកជីវិតជាដើមទុន បានធ្វើអោយសង្គ្រាមរ៉ាំរ៉ៃនៅកម្ពុជា ត្រូវបានបញ្ចប់ជាស្ថាពរនៅឆ្នាំ១៩៩៨ តាមរយះនយោបាយ ឈ្នះ ឈ្នះ។

លោកបន្តថា, តាំងពីពេលនោះ រហូតដល់បច្ចុប្បន្ន ទឹកដីកម្ពុជាបានឆ្លងផុតពីភ្លើងសង្គ្រាម រីឯប្រជាជនបានរួមរស់ក្នុងសុខសន្តិភាព យ៉ាងពេញលេញ មានការអភិវឌ្ឍឥតឈប់ឈរ និងស្មើមុខស្មើមាត់លើឆាកអន្តរជាតិ និយាយជារួម កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ជាការបើកទំព័រប្រវត្តិសាស្ត្រ សម្រាប់ដំណើរការស្វែងរកសន្តិភាព ការបង្រួបបង្រួមជាតិ ការស្តារ និងអភិវឌ្ឍន៍ប្រទេសឡើងវិញ។

លោក ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានរម្លឹកថា, ជាទីបញ្ចប់ ក្នុងនាមខ្ញុំបាទ ជាយុវជនជំនាន់ក្រោយ ខ្ញុំសូមអំពាវនាវដល់យុវជនទាំងអស់ ជាពិសេសក្នុងខេត្តព្រៃវែងរបស់យើង ធ្វើការប្ដេជ្ញាចូលរួមថែរក្សាសន្តិភាព ដែលកម្ពុជារកបានដោយកម្រនេះ មិនអោយប្រទេសកម្ពុជាធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាមសារជាថ្មីឡើយ។

“យើងទាំងអស់គ្នាចូលរួមថែរក្សាស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស” ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print