ភ្នំពេញ៖ ជនសង្ស័យម្នាក់បានឆក់យកទូរស័ព្ទពីនារីម្នាក់ដែលកំពុងអង្គុយចុចលេងនៅលេីម៉ូតូបានសម្រេចហើយក៏យកទូរស័ព្ទនោះទៅឲ្យបក្ខពួកម្នាក់ទៀតដែលឈរចាំនៅក្រោមស្ពាននាគកោះពេជ្រ តែត្រូវប្រជាពលរដ្ឋនិងសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ចុះជួយធ្វើអន្តរាគមន៍ឃាត់ខ្លួនបានរួចប្រគល់ទៅឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលចតុមុខដែលជាម្ចាស់មូលដ្ឋានកេីតហេតុ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៣:៣៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃអាទិត្យទី២៤ ខែតុលា ឆ្នាំ២០២១នេះ នៅចំណុចសួនច្បារកំពង់ដអរិយក្សត្រ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ម៉ុល នីតា អាយុ២៤ឆ្នាំ មុខរបរគណនេយ្យ មានទីលំនៅក្នុងរាជធានីភ្នំពេញ។ សម្ភារបាត់បង់មានទូរស័ព្ទដៃចំនួន០១គ្រឿង ម៉ាក iPhone 7Plus ពណ៌ខ្មៅ។
ចំណែកជនសង្ស័យឈ្មោះ ឡុង អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅក្រោមស្ពាននាគកោះពេជ្រ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ (ជាអ្នកធ្វេីសកម្មភាពឆក់)។ ចំណែកឯជនសង្ស័យដែលជាអ្នករង់ចាំទទួលទូរស័ព្ទហេីយគេចខ្លួនបាត់នោះ មានឈ្មោះ តឿ អាយុ២០ឆ្នាំ (គេចខ្លួននិងយកទូរស័ព្ទរបស់ជនរងគ្រោះទៅជាមួយផងដែរ) ។
បេីតាមសម្ដីនារីរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុ រូបនាងនិងមិត្តភក្តិប្រុសស្រី ៤-៥នាក់ទៀតបានជិះម៉ូតូឌុបគ្នាមកញុំាចំណីនៅកោះពេជ្រ ហើយបានឈប់ម៉ូតូអង្គុយលេងនៅចំណុចកេីតហេតុ(សួនច្បារកំពង់ដអរិយក្សត្រ) ខណៈរូបនាងកំពុងអង្គុយលើម៉ូតូកាន់ទូរស័ព្ទចុចលេងភ្លេចខ្លួន ស្រាប់តែជនសង្ស័យឈ្មោះ ឡុង មិនដឹងចេញមកពីណាទេបានរត់មកពីក្រោយខ្នងនាងរួចធ្វេីសកម្មភាពឆក់យកទូរស័ព្ទពីដៃរបស់នាងបានសម្រេចហើយព្យាយាមរត់គេចខ្លួន។ ភ្លាមៗនោះរូបនាងក៏បានរត់ដេញតាមស្រែកថាចោរៗ ផ្អេីលដល់ក្រុមយុវជនដែលអង្គុយលេងក្បែរៗនោះជួយរត់ដេញតាមដែរ តែជនសង្ស័យយកទូរស័ព្ទទៅឱ្យបក្ខពួកម្នាក់ទៀតដែលឈរចាំនៅក្រោមស្ពាននាគកោះពេជ្រនោះ ហេីយរត់ឡេីងមកលេីស្ពាននាគកោះពេជ្រវិញត្រូវប្រជាពលរដ្ឋនាំគ្នាដេញចាប់ជនសង្ស័យរហូតដល់ក្នុងទីក្រុងកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ទេីបឃាត់ខ្លួនបាន ដោយរូបនាងស្រែកប្រាប់ថាជននេះហើយជាអ្នកឆក់យកទូរស័ព្ទរបស់នាង បង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ចុះមកធ្វើអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យយកទៅប្រគល់ឲ្យកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ចតុមុខ ចាត់ការតាច្បាប់។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ចតុមុខឃាត់ខ្លួនបណ្ដោះអាសន្ន ដេីម្បីសាកសួរស្វែងរកបក្ខពួកនិងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌដូនពេញចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ជ្រោយពេជ្រ