ខេត្តបាត់ដំបង៖ សមត្ថកិច្ចនគរបាលខេត្ត បានបង្ក្រាបសង្វៀនជល់មាន់ មួយកន្លែង ស្ថិតនៅក្នុងក្រុងបាត់ដំបង ហើយបានឃាត់ខ្លួនបុរស៤នាក់និងវត្ថុតាងមួយចំនួន។
ប្រតិបត្តិការខាងលើនេះធ្វើឡើងនៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២១ នេះ ដោយបានឃាត់ខ្លួនអ្នកពាក់ព័ន្ធ បានចំនួន ៤ នាក់ និងរឹបអូសវត្ថុតាង មួយចំនួន ហើយសមត្ថកិច្ចជំនាញ គ្រោងនឹងបញ្ជូន ជនសង្ស័យ រួមទាំងវត្ថុតាងទាំងអស់ ទៅកាន់សាលាដំបូងខេត្ត នៅថ្ងៃទី ២៥ ខខែតុលាដើម្បីអនុវត្តតាមច្បាប់។
លោក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិត ស្រាល ខេត្តបាត់ដំបង បានបញ្ជាក់ថាបុរសញៀនល្បែងភ្នាល់ជល់មាន់ ទាំង ៤នាក់នោះ មានឈ្មោះ សុខ ផន អាយុ ៦៨ ឆ្នាំ មានលំនៅ នៅភូមិត្រាង ឃុំអូរតាគី, ឈ្មោះ ឡុង លុច អាយុ ៥៤ ឆ្នាំ មានលំនៅ នៅភូមិអូរតានប់ សង្កាត់ក្តុលដូនទាវ, ឈ្មោះ សួន ណារិន អាយុ ៣១ ឆ្នាំ រស់នៅភូមិតាព្រួច សង្កាត់ក្តុលដូនទាវ និងឈ្មោះ សារី សុខន អាយុ ៤០ ឆ្នាំ រស់នៅក្នុងភូមិចំការសំរោង ១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ចំពោះករណីខាងលើនេះ កម្លាំងសមត្ថកិច្ច បានដកហូតវត្ថុតាងមួយចំនួន រួមមាន: មាន់ជល់ចំនួន ៣ ក្បាល សង្វៀន ស៊ុម ជញ្ជីងថ្លឹងមាន់ ព្រមទាំងសម្ភារពាក់ព័ន្ធ មួយចំនួនទៀត។
លោកបានបន្តថាកម្លាំងការិយាល័យជំនាញ គ្រោងនឹងបញ្ជូនជនសង្ស័យ រួមទាំងវត្ថុតាងទាំងអស់ ទៅកាន់ សាលាដំបូងខេត្ត នៅថ្ងៃទី ២៥ ខែតុលា ដើមសប្តាហ៍នេះ៕
ដោយ៖ អរុណរះ