ក្រុងប៉ោយប៉ែត៖ តាមសេចក្ដីរាយការ កាលពីវេលាម៉ោង០៨និង១២នាទី ថ្ងៃទី២៣ តុលា ២០២១ កម្លាំងទាហានអង្ភភាពកងរយទី៣ និងកម្លាំងនគបាលល្បាតព្រំដែនទី១២ សហការជាមួយកម្លាំងស្រុកតាព្រះយ៉ា និងអាជ្ញាធរដែនដី សហការគ្នាចាប់ខ្លួនពលរដ្ឋខ្មែរចំនួន៣៨នាក់ ក្នុងនោះប្រុស២៩ និងស្រី៩នាក់ បាននៅបរិវេណផ្លូវភូមិទព័សៀម-ភូមិណាង ង៉ាម ស្រុកតាព្រះយ៉ា ខេត្តស្រះកែវ ទើបឃុំខ្លួនយកមកសួរនាំបន្ថែម។ដោយពលរដ្ឋខ្មែរទាំង៣៨នាក់ខាងលើ បានសារភាពប្រាប់សមត្ថកិច្ចថៃថា ត្រូវការទៅធ្វើការនៅក្រុងបាងកក១៤នាក់,ឈុន បុរី១០នាក់,សមុទ្រ ប្រាកាន៣នាក់ និងរៈយ៉ង១១នាក់ ដោយមានអ្នកនាំផ្លូវជាជនជាតិខ្មែរមិនស្គាល់ឈ្មោះ នាំដើរពីប្រទេសកម្ពុជាឆ្លងមកខាងថៃ ដោយចំណាយលុយឲ្យមេខ្យល់ក្នុងម្នាក់៦,៥០០បាត ដោយមានអ្នកខ្លះចំណាយលុយឲ្យមុន២,០០០បាតហើយ។
ក្រោយពីសួរនាំនិងធ្វើកំណត់ហេតុរួចរាល់ ក៏បានបញ្ជូនពលរដ្ឋខ្មែរទាំងអស់ទៅឲ្យជំនាញស្រុកគោកឃ្យូង ដើម្បីចាត់ការតាមច្បាប់បន្ត។ដោយឡែកនៅថ្ងៃទី២៤ តុលា ២០២១ម្សិលមិញ កម្លាំងទាហានប្រចាំស្រុកតាព្រះយ៉ា កងកម្លាំងបូរផា សហការជាមួយកម្លាំងនគបាលស្រុកតាព្រះយ៉ា បានចាប់ខ្លួនពលរដ្ឋខ្មែរចំនួន១១នាក់ ក្នុងនោះប្រុស៦ និងស្រី៥នាក់ និងមេខ្យល់ជនជាតិថៃម្នាក់ នៅបរិវេណភូមិខូកឡាន ឃុំខូកឡាន ស្រុកតាព្រះយ៉ា ខេត្តស្រះកែវ។នៅពេលសមត្ថកិច្ចថៃសួរនាំ ពលរដ្ឋខ្មែរទាំងអស់ខាងលើបានប្រាប់ថា ត្រូវការទៅធ្វើការនៅខេត្ត ប៉ះធុម ថានី,នគរាជ សីម៉ា ទើបនាំខ្លួនពលរដ្ឋខ្មែរទាំងអស់ និងមេខ្យល់ជនជាតិថៃ បញ្ជូនទៅឲ្យជំនាញស្រុកតាព្រះយ៉ា ដើម្បីចាត់ការតាមច្បាប់បន្ត៕
ដោយ៖ វណ្ណា