ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ឲ្យដឹងថា, តបតាមការអញ្ជើញរបស់ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស ព្រះមហាក្សត្រ នៃប្រទេសព្រុយណេដារូស្សាឡាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និង៣៩ និងកិច្ចប្រជុំ កំពូលពាក់ព័ន្ធ ពីថ្ងៃទី២៦ ដល់ថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។
នៅក្នុងសេចក្តីប្រកាសដដែលបានបញ្ជាក់ថា, អញ្ជើញអម សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុងកិច្ចប្រជុំ រួមមាន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមន្រី្តជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនផងដែរ។ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញធ្វើបទអន្តរាគមន៍ក្នុងកិច្ចប្រជុំដូចខាងក្រោម៖
– ប្រជុំកំពូលអាស៊ានលើកទី៣៨ និងលើកទី៣៩
– កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២២
– កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៤
– កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី៩
– កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៤
– កិច្ចប្រជុំកំពូលប្រចាំឆ្នាំអាស៊ាន-អូស្រ្ដាលី លើកទី១
– កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៤
– កិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៦
– កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៨ និង
– កិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី លើកទី៤ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-រុស្ស៊ី ។
នៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២១ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញធ្វើបទអន្តរាគមន៍ ផងដែរ នៅក្នុងពិធីបិទ ក្រោយពីព្រុយណេប្រគល់តំណែងប្រធានអាស៊ានឆ្នាំ២០២២ ជូនព្រះរាជា-ណាចក្រកម្ពុជា ៕
ដោយ, សិលា