ភ្នំពេញ៖ បើយោងតាមអង្គភាព អគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ បានបញ្ជាក់អោយដឹងថា, នាព្រឹកថ្ងៃអង្គារ ៥រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ លោក ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញបន្តដឹកនាំក្រុមការងារនាំមុខកម្ពុជា ប្រជុំជាមួយក្រុមការងារនាំមុខវៀតណាម ដើម្បីពិនិត្យពិភាក្សាលើខ្លឹមសារសេចក្ដីព្រាងឯកសារកិច្ចប្រជុំលើកទី១១ ស្ដីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម តាមប្រព័ន្ធវីដេអូ Zoom ចាប់ពីថ្ងៃទី២៥-២៦ ខែតុលា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងមហាផ្ទៃ។
អង្គភាព អគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ សូមគូសបញ្ជាក់ជូនផងដែរថា , រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតជាគោលការណ៍ឱ្យក្រសួងមហាផ្ទៃដឹកនាំប្រតិភូកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី១១ ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម តាមប្រព័ន្ធវីដេអូ៕