ពលរដ្ឋអាហ្វហ្គានីស្ថានជាងពាក់កណ្តាលត្រូវប្រឈមនឹងគ្រោះអត់ឃ្លាននៅខែវិច្ឆិកានេះ ដោយមានពលរដ្ឋដល់ទៅ ២២,៨លាននាក់។ នេះជាលទ្ធផលដែលអង្គការស្បៀងអាហារពិភពលោកប្រកាសនៅថ្ងៃទី២៥ខែតុលា ។
តាមឯកសាររបស់អង្គការស្បៀងអាហារកសិកម្មរបស់អង្គការសហប្រជាជាតិ FAO និងកម្មវិធីស្បៀងអាហារ ពិភពលោកWFP បានអំពាវនាវឱ្យអន្តរជាតិជួយផ្តល់ជំនួយដល់អាហ្វហ្គានីស្ថានដែលកំពុងប្រឈមនឹងវិបត្តិស្បៀងអាហារទ្រង់ទ្រាយធំ។ កត្តាដែលធ្វើឱ្យអាហ្វហ្គានីស្ថាន ប្រឈមនឹងគ្រោះអត់ឃ្លានគឺដោយសារគ្រោះរាំងស្ងួត អំពើហិង្សា ជំងឺរាតត្បាត និងវិបត្តិសេដ្ឋកិច្ច។
អង្គការ FAO និង WFP បានបើកការស្រាវជ្រាវការណ៍ពិតក្នុងពេលដែលអាកាសធាតុត្រជាក់បានចាប់ផ្តើមនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ។ តំបន់ជាច្រើនពិបាកចូលទៅកៀកដោយសារតែអាកាសធាតុត្រជាក់ ធ្វើឲ្យគ្រួសារជាច្រើនមិនទទួលបានជំនួយមនុស្សធម៌។
តាមរបាយការណ៍របស់ FAO និង WFP បានបញ្ជាក់ថា ក្នុងចំណោមមនុស្ស២នាក់នៅក្នុងប្រទេសអាហ្វហ្គានីស្ថានមានម្នាក់ប្រឈមនឹងគ្រោះអត់ឃ្លាន។ ដូច្នេះការផ្តល់ជំនួយមនុស្សធម៌គឺជារឿងចំាបាច់បំផុតសម្រាប់ជួយដល់ប្រទេសអាហ្វហ្គានីស្ថាន ក្នុងនោះមានកុមារនិងមនុស្សចាស់ ៕ ដោយសាធី