ព្រឹកនេះ ! លោក ឃួង​ ស្រេង​ អភិបាល​ រាជធានី​ភ្នំពេញ​បានចូលខ្លួនមកបង់ប្រាក់​ពិន័យ​៦ម៉ឺន​រៀល ករណីបេីកម៉ូតូ​ត្រួតពិនិត្យ​ស្ថានភាពជំនន់​ទឹកភ្លៀងនៅ​ខណ្ឌ​ដង្កោ​មិនបានពាក់មួកសុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹក​ថ្ងៃទី​ ២៧​ ខែ​តុលា​ ឆ្នាំ​ ២០២១​នេះ លោក ឃួង​ ស្រេង​ អភិបាល​ រាជធានី​ភ្នំពេញ​ បានចូលខ្លួនមកបង់ប្រាក់​ពិន័យ​៦ម៉ឺន​រៀល​ករណីលោកបានបេីកម៉ូតូ​ត្រួតពិនិត្យ​ស្ថានភាព​ទឹក​ជំនន់​នៅ​ខណ្ឌ​ដង្កោ​មិនបានពាក់មួកសុវត្ថិភាព​ ។
នេះជាគំរូល្អមួយដល់​មន្ត្រី​ទូទៅ​ដេីម្បី​រួមចំណែក​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់​គ្នា​។
សូមបញ្ជាក់ផងដែរថា លោក​ ម៉េត​ មាសភក្ដី​ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ម្សិលមិញ បន្ទាប់​ពី​មានការរិះគន់​ចំពោះលោក ឃួង​ ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ​ ដែលមិនបានពាក់​មួកសុវត្ថិភាព​ ពេល​បេីកម៉ូតូ​នោះ​ លោកបានលើកឡើងថា នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ លោក ឃួង​ ស្រេង​ នឹងចូលខ្លួនទៅ​បង់ការផាកពិន័យ​ចំពោះ​កំហុស​ឆ្គង​ដោយអចេតនា​នេះ​ ។
លោក​ ម៉េត​ មាសភក្ដី​ បានបញ្ជាក់​បន្ថែម​ថា​ តាមពិត​ទៅ​ លោកអភិបាល​​ក៏បាន​យកមួកសុវត្ថិភាពមកពាក់ដែរ​ ប៉ុន្តែ​ដោយកញ្ចក់មួកសុវត្ថិភាព​ស្រអាប់​ពេក​ពិបាក​មេីលផ្លូវ​ ម្យ៉ាងទៀត​ដោយមានការបន្ទាន់ចុះពិនិត្យមេីលស្ថានភាពទឹកជំនន់​ដេីម្បី​រកដំណោះស្រាយ​ជួយប្រជាជន​ផងនោះ ទើបលោកអភិបាល​បេីកម៉ូតូទៅដោយមិនបានពាក់មួកសុវត្ថិភាព​ ។
ប៉ុន្តែ​ទោះជាយ៉ាងណាក្ដី​ លោកអភិបាល​ ទទួល​យកនូវមតិរិះគន់ដេីម្បី​ស្ថាបនា​ ហេីយលោកនឹងចូលទៅ​ឱ្យមន្ត្រី​ចរាចរណ៍​ធ្វើ​ការ​ផាក​ពិន័យ​ហើយ​ ។ សូមបងប្អូន​មេត្តា​យោគយល់​ចំពោះ​កំហុស​អចេតនា​នេះ​ផង​។
ដើម្បីចូលរួមអនុវត្តច្បាប់ចរាចរណ៍ទាំងអស់គ្នា លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ បានចូលខ្លួនបង់ប្រាក់ពិន័យតាមផ្លូវច្បាប់នៅស្នាក់ការនគរបាលចរាចរណ៍ផ្លូវគោក បង្ហាញពីការទទួលស្គាល់កំហុសដោយអចេតនា ទោះបីលោកនិងសហការី ប្រឈមនឹងការមមាញឹកការងារ ជួយធ្វើអន្តរាគមន៍រំដោះប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ទាំងយប់ ទាំងថ្ងៃក៏ដោយ ។
ប្រជាពលរដ្ឋគាំទ្រលោក គោរព ស្រឡាញ់ លោក ដែលបានគិតគូរប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ក្នុងពាក្យថា ខ្មែរជួយខ្មែរ , ទីណាមានការលំបាក ពិតជាមានមន្ត្រីដែលបម្រើរាស្ត្រចុះទៅដល់ជួយសង្រ្គោះ ជួយធ្វើអន្តរាគមន៍តាមការណែនាំ ពីសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print