តាមបទបញ្ជាលោកស្នងការ ,សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្តកណ្ដាល បង្ក្រាប ភោជនីយដ្ឋាន អាយ ផាប់ នៅក្រុងតាខ្មៅ ឃាត់ខ្លួនបុគ្គលិក៦នាក់ តែម្ចាស់ទីតាំងនិងភ្ញៀវរត់រួច

ចែករំលែក៖

ខេត្តកណ្តាល៖ ហេតុអីក៏ម្ចាស់ទីតាំងគឃ្លើននឹងច្បាប់ម្លេះ ហ៊ានបើកក្លឹបកម្សាន្តទាំងស្ថិតក្នុងការហាមឃាត់ពីវិធានសុខាភិបាល ពីអាជ្ញាធរ សមត្ថកិច្ច ? ទីបំផុត ! ក្រោយពីមានការបញ្ជាដោយផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ឈឿនសុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ឱ្យកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលចុះបង្ក្រាបទើបបង្កឲ្យមាន ការភ្ញាក់ផ្អើលមួយទាំងកណ្តាលអាធ្រាត្រ ខណៈកម្លាំងព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការជាមួយកម្លាំងចម្រុះនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ធ្វើការឡោមព័ទ្ធ ចុះបង្ក្រាបភោជនីយដ្ឋាន អាយផាប់ ដែលលួចបើកទទួលភ្ញៀវ និង មានការប្រគុំតន្រ្តីជាវង់ មានសម្លេងឮៗចេញមកខាងក្រៅ ព្រមទាំងធ្វើការឃាត់ខ្លួនមនុស្ស៦នាក់ ។

សូមបញ្ជាក់ថា, ការចុះបង្ក្រាបនេះធ្វើឡើងនៅយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ក្នុងភោជនីយដ្ឋាន អាយ ផាប់ ស្ថិតនៅផ្លូវបេតុង ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលក្នុងបទល្មើសជាក់ស្តែង ប៉ុន្តែម្ចាស់ទីតាំងមានវិធានការរៀបចំច្រកចេញ ត្រៀមខ្លួនជាស្រេច ទើបការបង្ក្រាបឃាត់ខ្លួនមិនបាន ។

លោកវរសេនីយ៍ឯក ឡាក់ ម៉េងធី នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានប្រាប់សារព័ត៌មានអោយបានដឹងថា ប្រតិបត្តិការនេះបានឃាត់ខ្លួនបុគ្គលិក៤នាក់ និង អ្នកចម្រៀង២នាក់ ។ ចំណែកម្ចាស់ទីតាំង និង ភ្ញៀវបានរត់គេចខ្លួនតាមទ្វារក្រោយអស់ បន្សល់ទុករថយន្ត៦គ្រឿង និង ម៉ូតូ១៤គ្រឿង ។

លោកបានបន្តទៀតថា, ភោជនីយដ្ឋាន អាយ ផាប់ បានបិទបណ្តោះអាសន្នហើយ ។ ដោយឡែកម្ចាស់ទីតាំង សមត្ថកិច្ចកំពុងតាមស្វែងរក និង កសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការបន្តរតាមនីតិវិធីច្បាប់។
លោកឧត្តមសេនីយ៍ទោ ឈឿនសុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានប្រាប់អង្គភាព “នគរដ្រេហ្គន” នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ថា, ក្នុងករណីនេះ លោកបានបញ្ជាឱ្យលោកវរសេនីយ៍ឯក ឡាក់ ម៉េងធី នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកនាំកម្លាំងសហការជាមួយនឹងអាជ្ញាធរ សមត្ថកិច្ចមូលដ្ឋានដើម្បីធ្វើការចុះបង្ក្រាប ខណៈលោកមានភារកិច្ចជាប់រវល់ជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង។ បច្ចុប្បន្ននេះមន្ត្រីរបស់លោកកំពុងតែធ្វើកំណត់ហេតុស្តាប់ចម្លើយ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្ត៕

...

ដោយ, ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print