ខេត្តឧត្តរមានជ័យ ៖ រដ្ឋបាលក្រុងសំរោង – សូមជម្រាបជូនដំណឹងដល់ អ្នកឧញ៉ា លោកឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ អាជីវករ និងប្រជាពលរដ្ឋ ដែលមានដីជាកម្មសិទ្ធកាន់កាប់ ប្រើប្រាស់ អាស្រ័យផល នៅអមសង្ខាង ផ្លូវលេខ ១៣ ស្ថិតក្នុងភូមិកំណប់ សង្កាត់បន្សាយរាក់ និងកំណាត់ ផ្លូវគ្រួសក្រហម លេខ ១៨ ស្ថិតក្នុងភូមិឈូក សង្កាត់សំរោង ឱ្យបានជ្រាបថា៖ តាមរយៈការចុះសិក្សារបស់ក្រុមការងារនាពេលកន្លងមក បានពិនិត្យឃើញថា ការ កាន់កាប់ ប្រើប្រាស់ និងអាស្រ័យផល នៅលើដីកម្មសិទ្ធិក្នុងទីតាំងខាងលើ មានការសាងសង់លក្ខណៈជារោង តូប សំយាប ដោយបានរំលោភបំពានមកលើដីចំណីផ្លូវសាធារណៈ។ មិនតែប៉ុណ្ណោះ មានម្ចាស់កម្មសិទ្ធិមួយចំនួន បាន ចាក់បំពេញអាចម៍ដីលុបលើប្រឡាយផ្លូវទឹក និងមួយចំនួនបានដាក់លូ តែពុំបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដែលកត្តាទាំងនេះ បានបង្កឱ្យមានការកកស្ទះប្រព័ន្ធផ្លូវទឹកហូររំដោះទឹក បណ្តាលឱ្យមានជំនន់ទឹកភ្លៀង និងទឹកហូរ កាត់តួផ្លូវដោយអន្លើ ធ្វើឱ្យខូចខាតផ្លូវធ្វើដំណើរ ព្រមទាំងបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការរស់នៅ សុខមាលភាព សណ្តាប់ធ្នាប់សាធារណៈ និងសោភ័ណ្ឌភាពទីក្រុង។
ក្នុងន័យនេះ ដើម្បីរក្សាបាននូវផលប្រយោជន៍សាធារណៈ ជាពិសេសការគោរព និងអនុវត្តទៅតាមលិខិត បទដ្ឋានគតិយុត្តិជាធរមាន រដ្ឋបាលក្រុងសំរោង ចុះអនុវត្តន៍វិធានការរុះរើសសំណង់ ដែលបានល្មើសទៅនឹងអនុក្រឹត លេខ ៨៦អនក្រ.បក ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៧ និងការសាងសង់នៅលើដីចំណីផ្លូវ ជីកកាយស្តារផ្លូវទឹក នៅលើ ទីតាំងកំណាត់ផ្លូវទាំងពីរខ្សែខាងលើ ដោយទុករយៈពេល សម្រាប់ម្ចាស់កម្មសិទ្ធិធ្វើការរុះរើដោយស្ម័គ្រចិត្ត នៅក្នុង រយៈ ពេល ១០ថ្ងៃ ជាកំហិត គិតចាប់ថ្ងៃចុះហត្ថលេខានេះតទៅ។
នៅក្នុងករណី ម្ចាស់កម្មសិទ្ធិ ដែលបានសាងសង់សំណង់រំលោភបំពានលើដីចំណីផ្លូវ និងបង្កឱ្យមានផល ប៉ះពាល់ដល់ប្រយោជន៍សាធារណៈ មិនបានចូលរួមអនុវត្តន៍ដោយស្ម័គ្រចិត្ត ស្របតាមតាមខ្លឹមសារ នៃសេចក្តីជូន ដំណឹងនេះ រដ្ឋបាលក្រុងសំរោង នឹងចុះអនុវត្តន៍ធ្វើការរុះរើដោយអាជ្ញាធរមានសមត្ថកិច្ច ហើយពុំទទួលខុសត្រូវរាល់ ការខូចខាតនោះឡើយ មិនតែប៉ុណ្ណោះ ម្ចាស់កម្មសិទ្ធិ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
រដ្ឋបាលក្រុងសំរោង មានសេចក្តីសង្ឃឹមយ៉ាងមុតមាំថា អ្នកឧញ៉ា លោកឧកញ៉ា លោក លោកសី មន្ត្រីរាជការ អាជីវករ និងប្រជាពលរដ្ឋ ដែលមានដីជាកម្មសិទ្ធិកាន់កាប់ប្រើប្រាស់ អាស្រ័យផល នៅអមសង្ខាង ផ្លូវលេខ ១៣ ស្ថិតក្នុងភូមិកំណប់ សង្កាត់បន្សាយរាក់ និងកំណាត់ ផ្លូវគ្រួសក្រហម លេខ ១៨ ស្ថិតក្នុងភូមិឈូក សង្កាត់សំរោង នឹងចូលរួមប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕
ដោយ, សិលា