ភ្នំពេញ ៖ បុរសម្នាក់ ត្រូវបាននគរបាលព្រហ្មកំរិតធ្ងន់ក្រសួងមហាផ្ទៃ ចាប់ខ្លួនបញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើសឆបោក និងសូីសំណូកនៃនិយោជិត នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ដើម្បីប្រគល់ឲ្យតំណាងអយ្យការបើកកាស៊ើបសួរ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួនឈ្មោះ នៅ សុភ័ក្រ ហៅហេង ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅផ្ទះលេខ បេ៦ ផ្លូវបេតុង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
សមត្ថកិច្ចបានបញ្ជាក់ថា ការឃាត់ខ្លួនឈ្មោះ នៅ សុភ័ក្រ គឺអនុវត្តតាមដីកាបញ្ជាអោយចូលខ្លួនរបស់លោក សិត វណ្ណៈ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងចុះថ្ងៃទី ១៨តុលា ឆ្នាំ២០២១ ។
នៅក្នុងដីកាបញ្ជាអោយចូលខ្លួនលេខ៣៧៦ អ យ ដ ចុះថ្ងៃទី ១៨តុលា ឆ្នាំ២០២១ បានបញ្ជាអោយជនសង្ស័យឈ្មោះ នៅ សុខភ័ក្រ ចូលមកបង្ហាញខ្លួននៅអយ្យការអមតុលាការអោយបានមុនថ្ងៃទី ០៨វិច្ឆិកា ឆ្នាំ២០២១ ដើម្បីសាកសួរពីបណ្ខឹងព្រហ្មទ័ណ្ឌពីបទឆបោក និងបទសុីសំណូកនៃនិយោជិត តាមពាក្យបណ្ដឹងរបស់ឈ្មោះ LEE JAE HOO ជាតំណាងក្រុមហ៊ុន ដេហានអូតូ និងឈ្មោះ ម៉ៅ គន្ធា ជាតំណាងក្រុមហ៊ុន អិលវីអុឹមសុី ហូលឌីង ។
បច្ចុប្បន្ន តំណាងអយ្យការកំពង់សាកសួរជនសង្ស័យនៅឡើយ ដោយមិនទាន់សម្រេចបែបណាទេ ៕
ដោយ៖ រ៉ារ៉ា