ខេត្តព្រះសីហនុ៖ បេីយោងតាមប្រភពព័ត៍មានពីរដ្ឋបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃព្រហស្បតិ៍ទី២៨ ខែតុលា ឆ្នាំ២០២១នេះ បានឱ្យដឹងថា លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ចុះប្រកាសលទ្ធផលស្រាវជ្រាវ ដោះស្រាយបញ្ចប់ទំនាស់ របស់ក្រុមការងារចម្រុះ ដែលបានរកឃើញអ្នករំលោភបំពានដីវត្តព្រៃប្រសិទ្ធិ ស្ថិតក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ និងបានប្រកាសដកហូតរួចប្រគេនដីនេះជាទ្រព្យគរុភណ្ឌរបស់វត្តវិញ។
សូមជម្រាបថា លោុំ គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ រសៀលថ្ងៃពុធទី២៧ ខែតុលាម្សិលមិញនេះ បានអញ្ជើញផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវដោះស្រាយបញ្ចប់ទំនាស់ នៃការរំលោភដីវត្តព្រៃប្រសិទ្ធិ ស្ថិតនៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត អាជ្ញាធរស្រុក មន្ទីរជំនាញ និងប្រជាពលរដ្ឋចំណុះជើងវត្ត។
នាឱកាសនោះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ដោយមានការតវ៉ាពីប្រជាពលរដ្ឋចំណុះជើងវត្តថា មានបុគ្គលមួយចំនួនបានយកដីវត្តពុះជាឡូត៌ចែកគ្នាធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ទើបរដ្ឋបាលខេត្តបានបង្កើតគណៈកម្មការចុះពិនិត្យស្រាវជ្រាវពីប្រវត្តដីនៅបរិវេណវត្តព្រៃប្រសិទ្ធ ភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ និងបានអញ្ជើញភាគីពាក់ព័ន្ធមកសួរនាំ និងបង្ហាញឯកសារកាន់កាប់ដី។ ក្នុងការចុះអង្កេតស្រាវជ្រាវក្រុមការងារបានប្រមូលឯកសារ និងរកឃើញអ្នកក្លែងបន្លំឯកសារកាន់កាប់ដីចំនួន ៥នាក់ ហើយអ្នកទាំង៥នាក់ ក៏បានធ្វើការសារភាពនូវទោសកំហុសរបស់ខ្លួន ព្រមទាំងបានប្រគល់ដីដែលពួកខ្លួនបានចាប់ជូនវត្តវិញ។
ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋផ្សេងទៀតដែលបាន និងកំពុងប្រើប្រាស់ក្លែងឯកសារយកដីរដ្ឋ ឬដីឯកជនដោយខុសច្បាប់ សូមប្រញ៉ាប់ប្រគល់ឯកសារទាំងនោះមកឱ្យអាជ្ញាធរ និងមន្ត្រីជំនាញ ដើម្បីមោឃ:ភាពវិញ ប្រសិនបើយកឯកសារក្លែងទៅប្រើប្រាស់ នឹងត្រូវផ្តន្ទាទោសតាមផ្លូវច្បាប់។
បន្ថែមពីនេះ លោកអភិបាលខេត្ត បានប្រកាសថា ចាប់ពីថ្ងៃនេះតទៅ ដីនេះជាគរុភណ្ឌរបស់វត្ត ដែលគ្មានបុគ្គលណាម្នាក់ អាចប៉ះពាល់បានតទៅទៀតទេ ព្រមទាំងណែនាំឱ្យមន្ត្រីជំនាញ អាជ្ញាធរ រៀបចំចុះបញ្ជីដីវត្ត ជាទ្រព្យសម្បត្តិរដ្ឋ និងកៀរគររកសប្បុរសជន ប្រជាពលរដ្ឋចំណុះជើងវត្ត សហការគ្នារៀបចំធ្វើរបងសីមាវត្តប្រសិទ្ធ ដើម្បីគ្រប់គ្រងជាគរុភណ្ឌរបស់វត្តចាប់ពីពេលនេះតទៅ។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានប្រគេនបច្ច័យ ចំនួន២០០០(ពីរពាន់ដុល្លា) និងស៊ីម៉ង់ត៍ចំនួន១៥តោន ដើម្បីផ្តួចផ្តើមកសាងរបងការពារដីវត្តឱ្យបានគង់វង្សដើម្បីទុកជាសម្បត្តិសាធារណៈ៕
ដោយ៖ស តារា