លោក កែវ រ៉េមី ៖ កម្ពុជាបោះជំហានឆ្ពោះទៅរកការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ

ចែករំលែក៖

ភ្នំពេញ៖ កម្ពុជាបានរៀបចំសិក្ខាសាលាថ្នាក់តំបន់ស្តីពីសិទ្ធិមនុស្ស ដែលមានកិច្ចសហការជាមួយការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលើកឡើងថា ការយល់ដឹងដែលប្រមូលបានពីសិក្ខាសាលានៅថ្ងៃព្រហស្បតិ៍នេះ នឹងត្រូវបានប្រើដើម្បីបង្កើតជាស្ថាប័នសិទ្ធិមនុស្សជាតិនៅកម្ពុជាដោយផ្អែកលើគោលការណ៍ទីក្រុងប៉ារីស។

សិក្ខាសាលាកូនកាត់មានការចូលរួមពីអង្គការសហប្រជាជាតិ និងស្ថាប័នសិទ្ធិមនុស្សផ្សេងទៀតមកពីប្រទេសសមាជិកអាស៊ាន។

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី មានប្រសាសន៍ថា សិទ្ធិមនុស្សគឺជាស្នូលនៃរចនាសម្ព័ន្ធនិងអត្ថិភាពរបស់ព្រះរាជាណាចក្រកម្ពុជា។ លោកបានសង្កត់ធ្ងន់ថា ,រាជរដ្ឋាភិបាលបានទទួលស្គាល់និងផ្តល់សច្ចាប័នលើឧបករណ៍សិទ្ធិមនុស្សអន្តរជាតិស្នូលចំនួនប្រាំបីដើម្បីគោរពគោលការណ៍សិទ្ធិមនុស្សអន្តរជាតិ។

លោក កែវ រ៉េមី បានរំលឹកថាការសម្រេចចិត្តបង្កើតស្ថាប័នជាតិសិទ្ធិមនុស្ស ស្របតាមគោលការណ៍ក្រុងប៉ារីសតាមគោលការណ៍ទីក្រុងប៉ារីសដែលត្រូវបានអនុម័តដោយមហាសន្និបាតអង្គការសហប្រជាជាតិ បានចាប់ផ្តើមឡើងវិញនៅខែកក្កដា ឆ្នាំ១៩៩៧។ លោកមានប្រសាសន៍ថា សម្ដេចតេជោ ហ៊ុន សែន បានចុះហត្ថលេខាលើអនុក្រឹត្យតែងតាំងគណៈកម្មាធិការមួយដើម្បីរៀបចំនិងតាក់តែងសេចក្តីព្រាងច្បាប់ស្ដីពីការបង្កើតស្ថាប័នជាតិសិទ្ធិមនុស្ស ដែលផ្ដល់សិទ្ធិឱ្យអង្គការសង្គមស៊ីវិលនៅកម្ពុជាជាអ្នកតាក់តែ ប៉ុន្តែរហូតដល់ឆ្នាំ២០១៩ នៅតែមិនមានលទ្ធផលដូច្នេះហើយទើបនាយករដ្ឋមន្ត្រីសម្រេចផ្ដល់សិទ្ធិឱ្យគណៈកម្មាធិការសិទ្ធិមនុស្សជាតិបង្កើតសេចក្ដីព្រាងច្បាប់នេះវិញ។

អ្នកនាំពាក្យគណកម្មាធិការសិទ្ធិមនុស្ស លោក កត្តា អ៊ន មានប្រសាសន៍ថា៖ «យើងកំពុងធ្វើដំណើរហើយ។ យើងកំពុងស្ថិតនៅលើដំណើរការដើម្បីពិនិត្យមើលសេចក្តីព្រាងច្បាប់នេះដើម្បីឱ្យយើងទទួលបានការពិគ្រោះយោបល់ពីភាគីពាក់ព័ន្ធនានា អង្គការក្រៅរដ្ឋាភិបាល គណបក្សនយោបាយ និងស្ថាប័នផ្សេងទៀត។ បន្ទាប់ពីយើងប្រមូលធាតុចូលទាំងអស់ យើងនឹងនាំយកធាតុចូលទាំងអស់ដាក់លើតុ ហើយយើងនឹងអញ្ជើញ OHCHR តំណាង APS និងសមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដើម្បីជ្រើសរើសនូវអ្វីដែលយើងបញ្ចូលទៅក្នុងសេចក្តីព្រាងច្បាប់នេះ។ ហើយបន្ទាប់មកយើងនឹងពិភាក្សាលើសេចក្តីព្រាងចុងក្រោយមុននឹងយើងដាក់ជូន ទីស្តីការគណៈរដ្ឋមន្ត្រីនិងរដ្ឋសភាដើម្បីសម្រេច»។

បើតាមលោក កែវ រ៉េមី ការគោរពសិទ្ធិមនុស្ស កត្តិកាសញ្ញា និងអនុសញ្ញាសិទ្ធិមនុស្សអន្តរជាតិវាជាភារកិច្ចកម្ពុជាដែលត្រូវធ្វើសម្រេចបានដោយថា ជាការគោរពដល់រដ្ឋធម្មនុញ្ញកម្ពុជា៕

            

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print