ភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ៩រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០២១នេះ មន្ត្រីប្រតិបត្តិសាខា អ្នកស្មគ្រ័ចិត្ត យុវជនកាកបាទក្រហមកម្ពុជា សាខារាជធានីភ្នំពេញ សរុបចំនួន៥០នាក់ ដឹកនាំដោយ លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា បានចូលរួមជួយចាត់ចែងរៀបចំក្នុងពិធីចែកអំណោយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ស្ទឹងព្រែកត្នោតចំនួនចំនួន៨៦៩គ្រួសារ មកពីភូមិចំនួន៦ ក្នុងសង្កាត់សាក់សំពៅ ខណ្ឌដង្កោ ក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ។
នាខណៈនោះ លោក ឃួង ស្រេង បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការព្រួយបារម្ភជាប់ជានិច្ចពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះទាំងអស់ ព្រមទាំងសូមថ្លែងអំណរគុណចំពោះមន្ដ្រីជំនាញពាក់ព័ន្ធ កងកម្លាំងចម្រុះ អាជ្ញាធរមូលដ្ឋាន អ្នកស្ម័គ្រចិត្តកាកបាទក្រហមប្រចាំភូមិ យុវជនកាកបាទក្រហមទាំងអស់ ដែលបានសហការគ្នាខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងស្មារតី ក្នុងការជួយប្រជាពលរដ្ឋពីគ្រោះមហន្តរាយដោយការជន់លិចនេះ ដើម្បីធានាថាមិនមានពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់ដល់អាយុជីវិត ដោយយើងមិនបានដឹងនោះឡើយ ។ ទន្ទឹមនឹងនេះ លោកក៏សូមអំពាវនាវដល់បងប្អូនទាំងអស់យកចិត្តទុកដាក់ពីសុខភាពត្រូវមានអនាម័យ បរិភោគអាហារដែលចំអិនបានឆ្អិន ពិសារទឹកដាំពុះ និងសូមប្រុងប្រយត័្នចំពោះសត្វអសេពិសនានា ជាពិសេសប្រុងប្រយ័ត្នចំពោះក្មេងតូចៗកុំឲ្យលេងទឹក ជាមួយគ្នានេះដែរក៏សូមកុំធ្វេសប្រហែសចំពោះការការពារខ្លួនពីជំងឺកូវីដ១៩ឲ្យសោះ ដោយអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ៖ ៣ការពារ និង ៣កុំ ។
អំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានចែកជូនក្នុង១គ្រួសារៗទទួលបាន៖ អង្ករ២៥គីឡក្រាម មី១កេស ត្រីខ១យួរ និងទឹកសុីអុីវ១យួរ ៕