ខេត្តបាត់ដំបង÷ជនសង្ស័យ២នាក់ ប្ដីប្រពន្ធ និងមនុស្ស១០នាក់ទៀត ដែលបម្រុងឆ្លងដែនខុសច្បាប់ទៅកាន់ប្រទេសថៃ ត្រូវបានកម្លាំងនគរបាលស្រុកថ្មគោលឃាត់ខ្លួនកាលពីវេលាម៉ោង ៦និង៣០នាទីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ នៅត្រង់ចំណុចផ្ទះសំណាក់យីហោ ហេង ហេង ស្ថិតក្នុងក្រុមទី៦ ភូមិគោកត្រប់ ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ក្នុងគោលបំណងធ្វើចំណាកស្រុកដោយខុសច្បាប់ ។
ជនសង្ស័យទាំង២នាក់មានឈ្មោះ តា ញ៉េន ហៅភាពអាយុ៣៦ឆ្នាំ (ប្តី) និងប្រពន្ធឈ្មោះ ហាន ស្រីណុច រស់នៅភូមិតាគ្រាប់ ឃុំព្នៅទី១ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។ ជនទាំង២នាក់ជាមេខ្យល់នាំពលករ១០នាក់ធ្វើចំណាកស្រុកខុសច្បាប់ត្រូវបានសមត្ថកិច្ចស្រាវជ្រាវដឹងហើយឈានទៅបង្ក្រាបក្នុងបទល្មើសជាក់ស្តែង។
លោកវរសេនីយ៍ទោ សេង លុច បានបញ្ជាក់ថា ជនសង្ស័យរួមទាំងជនរងគ្រោះ១០នាក់ ត្រូវនាំមកសាកសួររួចហើយ ។ ចំណែកមេខ្យល់២នាក់ប្តីប្រពន្ធត្រូវកម្លាំងបង្ក្រាបនគរបាលស្រុកថ្មគោល បានកសាង សំណុំរឿងបញ្ជូនខ្លួនទៅកាន់ការិយាល័យជំនាញ ស្នងការដ្ឋាននគរបាលខេត្ត សាកសួរបន្ថែមទៀត ដើម្បីបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕