ភ្នំពេញ ៖ មានហេតុការណ៍ដ៏ភ្ញាក់
ផ្អេីលមួយបានកេីតឡេីង ខណៈដែលនារីម្នាក់ជិះម៉ូតូពីក្រោយគេសុខៗ ស្រាប់តែធ្លាក់ពីលើម៉ូតូហេីយត្រូវរថយន្តដឹកសំរាម បេីកមកពីក្រោយកិនពីលើបណ្ដាលឱ្យធ្លាយពោះវៀនរងរបួសធ្ងន់ធ្ងរ និងបានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ កាលពីវេលាម៉ោង៦និង៤០នាទីព្រលប់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ជិតភ្លើងស្តុបផ្សារថ្នល់បត់ ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះ មានឈ្មោះ ភាន ស្សាវតា ភេទស្រី អាយុ២៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅជាមួយបងប្អូននៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ មានស្រុកកំណើតនៅភូមិសន្សំកុសល សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ ។
យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុ ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាសង់ប៊ិក ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FB-9050 ចេញពីផ្ទះក្នុង គោលបំណងជូនក្មួយស្រីទៅទិញសម្ភារសិក្សានៅហាង២៥០០៛ ដោយមានបុរសម្នាក់ត្រូវជាបងជីដូនមួយជាអ្នកឌុប ហើយក្មួយស្រីអង្គុយកណ្តាល ចំណែកជនរងគ្រោះអង្គុយខាងក្រោយបង្អស់ ហើយបានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២១៧ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកេីតហេតុមិនដឹងជាយ៉ាងម៉េចនោះទេស្រាប់តែជនរងគ្រោះបានធ្លាក់ពីលើម៉ូតូមកលើថ្នល់ ហើយគាប់ជួនពេលនោះដែរមានរថយន្តដឹកសំរាម មួយគ្រឿង ម៉ាក DONG FIN ពណ៌បៃតងលាយស ធ្វើដំណើរក្នុងទិសដៅស្របគ្នាជាន់ហ្រ្វ័ងមិនទាន់ក៏ជ្រុលទៅកិនពីលើជនរងគ្រោះបណ្ដាលឱ្យរងរបួសបែកក្បាល និងធ្លាយពោះវៀន សន្លប់បាត់ស្មារតី ហើយភ្លាមៗនោះដែរ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដែលនៅក្បែរនោះស្រាប់ជួយដឹកយកទៅសង្គ្រោះនៅគ្លីនិកឯកជនយីហោម្លិះដង្កោ តែពេលទៅដល់ជនរងគ្រោះបានដាច់ខ្យល់ស្លាប់តែម្តង ។ ដោយឡែកខាងរថយន្តវិញភ្លាមៗនោះដែរក៏ត្រូវសមត្ថកិច្ច ឃាត់អ្នកបេីកបរបានយកទៅធ្វើការសាកសួរនៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោជាមួយនឹងបុរសជាអ្នកបេីកម៉ូតូផងដែរ ។
ក្នុងករណីនេះ សមត្ថកិច្ចសហការជាមួយម្ចាស់ផ្ទះដែលនៅក្បែរនោះដើម្បីឆែកមើលតាមកាមេរ៉ាសុវត្ថិភាព ឃើញថាជនរងគ្រោះពិតជាធ្លាក់ពីលើម៉ូតូដោយខ្លួនឯងពិតប្រាកដមែន ។
ក្រោយពេញកេីតហេតុ សមត្ថកិច្ចបានទាក់ទងសាច់ញាតិឱ្យមកទទួលសពយកទៅធ្វើបុណ្យនៅវត្តគោកបញ្ជាន់ក្នុងខណ្ឌពោធិ៍សែនជ័យតាមប្រពៃណី ។ ចំណែក អ្នកបេីកបររថយន្តបង្ក រួមជាមួយនឹងអ្នកបេីកម៉ូតូ ត្រូវសមត្ថកិច្ចជំនាញប្រគល់ឲ្យសមត្ថកិច្ចចរាចរណ៍រាជធានីភ្នំពេញ ចុះទៅធ្វើការវាស់វែង យកទៅរក្សាទុកនិងចាត់ការបន្ត នៅការិយាល័យនគរបាលចរាចរណ៍ជើងគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញ ៕
ដោយ ៖ភារ៉ា ដង្កោ