រថយន្តបុកម៉ូតូ២គ្រឿងបណ្តាលឱ្យមនុស្សម្នាក់ស្លាប់និង២នាក់ទៀតរងរបួសធ្ងន់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងហើយពីរនាក់ទៀតរងរបួសធ្ងន់ ខណៈដែលមានរថយន្តមួយគ្រឿងបើកបុករះម៉ូតូពីរគ្រឿងនៅលើផ្លូវលេខ១៤០ ត្រង់ចំណុចភូមិបាក់ចិញ្ចៀន ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១។
មន្ត្រីនគរបាលផ្នែកចរាចរណ៍ស្រុកសំរោងទងបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខកំពង់ស្ពឺ3A-5626 មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ (រត់គេចខ្លួន ក្រោយពេលកើតហេតុ) បើកបរពីជើងទៅត្បូង លុះមកដល់ចំណុចខាងលើបានបុកម៉ូតូពីរគ្រឿងដែលនៅពីមុខបណ្តាលឱ្យមានអ្នកស្លាប់និងរបួសតែម្តង។
អ្នកបើកបរម៉ូតូមានឈ្មោះ ពុធ ពន្លក ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិចាក់កាំបិត ឃុំវល្លិ.ស ស្រុកសំរោងទងបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ជនរងគ្រោះបានបើកម៉ូតូម៉ាកហុងដាសេ១២៥ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ 1HZ-3177 ។
ចំណែកអ្នកបើកបរម៉ូតូ១គ្រឿងទៀតមានឈ្មោះ អោ ផល្លីន ភេទស្រី អាយុ ២៣ឆ្នាំ ជិះឌុបគ្នាជាមួយឈ្មោះ អោ ផល្លា ភេទស្រី អាយុ៣៤ឆ្នាំ អ្នកទាំងពីររស់នៅភូមិកែវមុន្នី ឃុំសំរោងទង ស្រុកសំរោងទងបានរងរបួសធ្ងន់ ជិះម៉ូតូម៉ាក BEAT ពណ៌ខ្មៅ គ្មានស្លាកលេខ បច្ចុប្បន្នកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
សពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ដោយឡែកវត្ថុតាងរថយន្តនិងម៉ូតូ សមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងគងរង់ចាំដោះស្រាយនៅពេលក្រោយ៕

...

ដោយ៖ ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print